វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺឈាមកកក្នុងសរសៃឈាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកកាសែតថា បុរសវ័យ ៧៩ឆ្នាំរូបនេះ ដែលកាលពីខែមករា ឆ្នាំ២០២៥ បានក្លាយជាមនុស្សចាស់បំផុតមិនធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក ត្រូវបានគេរកឃើញថា មានជំងឺឈាមកកក្នុងសរសៃឈាមរ៉ាំរ៉ៃ។
លោកស្រីបន្ដថា ការប្រែពណ៌យ៉ាងខ្លាំងនៅលើដៃស្ដាំរបស់លោក ត្រាំ គឺ «រលាកជាលិកាបណ្ដាលមកពីការចាប់ដៃញឹកញាប់» និងការប្រើប្រាស់ថ្នាំ Aspirin ជាផ្នែកនៃការព្យាបាលសរសៃឈាមបេះដូង។


បើតាមគ្រូពេទ្យប្រចាំសម្រាប់ប្រធានាធិបតី លោក Sean Barbabella បាននិយាយថា លោក ត្រាំ «នៅតែមានសុខភាពល្អ» ទោះមានការបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកបែបនេះ នៅក្នុងលិខិតមួយចេញដោយសេតវិមានក៏ដោយ។


ជារឿយៗ គណបក្សសាធារណរដ្ឋតែងតែអួតពីសុខភាព និងកម្រិតថាមពលរបស់លោក ត្រាំ ដែលកាលពីថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានបង្ហោះរូបភាពរបស់លោក ហើយសរសេរថាជា «Superman»។
យ៉ាងណាម៉ិញ កាលពីកន្លងទៅ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ពីបញ្ហាសុខភាពរបស់លោក ចូ បៃដិន ថា មានវ័យចំណាស់ និងឧស្សាហ៍ភ្លេចភ្លាំនាំឱ្យមានការពិបាកក្នុងការបំពេញការងារ៕

