ប្រាសាទតាក្របី​កំពុងក្លាយជាទីចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ ក្នុងចំណោម​នោះ​យុវជន​ យុវនារី​ ក៏បានមកទស្សនាច្រើនដែរ ​បន្ទាប់ពី​កម្ពុជា​ និងថៃ​ផ្ទុះជម្លោះបញ្ហាព្រំដែន និងកម្ពុជា​បាន​យក​សំណុំរឿង​មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី​ ដាក់​ទៅតុលាការ​យុត្តិធម៌អន្ដរជាតិ​ ICJ។

សូមចុចអាន៖ បារមីប្រាសាទតាក្របីធ្លាប់បន្លាចកងទ័ពថៃ

យុវនារី២រូប មកពីខេត្តបន្ទាយាមានជ័យ​ បាន​មកទស្សនា​ប្រាសាទតាក្របី ស្ថិតនៅក្នុងខេត្ត​ឧត្តរមានជ័យ បាន​បញ្ចេញចំណាប់​អារម្មណ៍ថា ការណ៍មកទស្សនានេះ​តាមរយៈក្រុមគ្រួសារ​បាន​នាំ​យកសម្ភារមួយចំនួន​ជួយឧបត្ថម្ភដល់កងទ័ព​ និង​ចង់មកឲ្យឃើញផ្ទាល់​ប្រាសាទ​របស់ខ្មែរ ហើយនេះ​ក៏ជាផ្នែក​នៃការគាំទ្រ​ទឹកចិត្តកងទ័ពផង ហើយក៏ជាផ្នែកមួយនៃស្មារតីរបស់យុវវ័យ ​ចូលរួម​ថែរក្សា​ប្រាសាទ​​របស់ខ្មែរ។

រាប់ពីឆ្វេងគឺ កញ្ញា វ៉ាត់ គីមហុង និងក្រុមគ្រួសារ មកពីខេត្តបន្ទាយមានជ័យមកទស្សនាប្រាសាទតាក្របី

ទន្ទឹម​នឹង​ការត្រេកអរបានឃើញ​អំពីភក្ដីភាព​ស្មោះស្ម័គ្រការពារ​ទឹកដី​ពីសំណាក់​កងទ័ពខ្មែរ​នៅលើ​ប្រាសាទ​តាក្របី និងសម្រស់ដ៏ស្រស់ស្អាត​របស់ប្រាសាទ រួមទាំងបរិស្ថានល្អផងនោះ យុវនារី​ទាំងពីររូប​ បាន​បង្ហាញ​អារម្មណ៍​ឈឺចាប់​ផងដែរ ដែលប្រាសាទខ្មែរ​មានកងទ័ព​ថៃ​ឈើ​នៅលើប្រាសាទ​​របស់ខ្មែរ។​

ផ្អែកតាមការលើកឡើងរបស់កងទ័ព​ប្រចាំ​នៅប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ បានអះអាងថា មួយរយៈចុងក្រោយនេះ ភ្ញៀវទេសចរជាតិ​បានសម្រុក​មកទស្សនាប្រាសាទតាក្របី​ច្រើន ថ្ងៃខ្លះ​ហក់ឡើង​ដល់​១ពាន់​នាក់ ទៅ​២ពាន់នាក់ឯណោះ ក្នុងនោះ​ក៏មាន​យុវវ័យ​មកទស្សនាច្រើនដែរ។

អនុសេនីយ៍ឯក កុល វន មេបញ្ជាការរងវរសេនាតូច លេខ៤៤៤ ប្រចាំទិសប្រាសាទតាក្របី បាន​ឲ្យ​ដឹងថា ការណ៍ដែលភ្ញៀវទេសចរមកច្រើន អាចមកពីវីដេអូប្រទាំងប្រទិសគ្នា ដែលភាគីថៃ​បាន​ហាម​មិន​ឲ្យ​ខ្មែរ​ឡើង​ប្រាសាទ​ពាក់​ក្រម៉ា​មានសញ្ញាទង់ជាតិខ្មែរ។ សន្ទុះនៃការស្នេហាជាតិរបស់កូនខ្មែរ បាន​មក​ទស្សនា​ផង និងភ្ជាប់អំណោយមកចែកកងកម្លាំង ដើម្បីបង្ហាញពីការសាមគ្គី នៃព្រលឹងខ្មែរ​តែ​មួយ។

ពាក់ព័ន្ធការហាមមិនឲ្យភ្ញៀវខ្មែរពាក់ក្រម៉ា មានសញ្ញាទង់ជាតិកម្ពុជា អនុសេនីយ៍ឯក កុល វន បាន​បញ្ជាក់​ទៅ​កងទ័ព​ថៃ និងពលរដ្ឋថៃថា សញ្ញាទង់ជាតិកម្ពុជាលើក្រម៉ា គឺជាសញ្ញាព្រលឹងជាតិខ្មែរ ដែល​មាន​លើសំលៀកបំពាក់កងទ័ពកម្ពុជាជាដើម ដែលមិនផ្ទុយពីកិច្ចព្រមព្រៀងគ្នាថា មិនឲ្យលើកទង់ និង​ការច្រៀង​ចម្រៀង និងការលេងភ្លេងជាតិ នៅក្នុងប្រាសាទតាក្របី។

អនុសេនីយ៍ឯក កុល វន បានបញ្ជាក់ទៀតថា កងទ័ពថៃគ្មានសិទ្ធហាមឃាត់ការបង្ហាញ​សញ្ញា​ទង់ជាតិ​ខ្មែរ លើក្រម៉ានោះទេ ហើយថៃយល់បានឯកភាពលើចំណុចនេះ ។

មកដល់ម៉ោងនេះភ្ញៀវទេសចរអាចមកកម្សាន្តដោយសុវត្ថិភាព ក្នុងនាមកងទ័ពប្រកាសការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរខ្មែរ ១០០% និងការប្ដេជ្ញាចិត្តការពារអធិបតេយ្យភាពកម្ពុជា មិនឲ្យបាត់មួយមីលីម៉ែត្រឡើយ។

ទាំងយុវវ័យ និងកងទ័ព​ បានអំពាវនាវឲ្យភ្ញៀវទេសចរមកទស្សនាប្រាសាទតាក្របីឲ្យកាន់តែច្រើន ដើម្បី​គាំទ្រ​សម្បត្តិវប្បធម៌ខ្មែរ និងការគាំទ្រដល់កងទ័ពកំពុងឈរជើងលើប្រាសាទ។ ទន្ទឹមនេះ​ចង់​បង្ហាញ​ពីសាមគ្គីភាពជាធ្លុងមួយរបស់ខ្មែរ ដើម្បីផ្សព្វផ្សាយឲ្យពិភពលោក បានឃើញថាខ្មែរសាមគ្គីផង និងប្រសាទតាក្របីជារបស់ខ្មែរតែមួយគត់។

កាលពីឆ្នាំ​២០០៨ ដល់ឆ្នាំ​២០១៣ កម្ពុជា​ថៃ​បាន​ប៉ះទង្គិច​គ្នា​នៅប្រាសាទ​ព្រះវិហារ ហើយ​ក៏​បង្កើតភាព​តាន​តឹង​ដល់ប្រាសាទ​តាក្របី​ផងដែរ។ ១៧ឆ្នាំក្រោយមក​ នៅថ្ងៃទី​២៨ ឧសភា ឆ្នាំ​២០២៥ ទាហានថៃបាន​លបបាញ់​លើ​កងទ័ព​កម្ពុជា​បណ្ដាល​ឲ្យ​យោធាម្នាក់ស្លាប់។ ចាប់​តាំងពីនោះមក​ស្ថានភាព​ព្រំដែន​ចាប់ផ្ដើម​តាន​តឹងកាន់តែខ្លាំង ហើយ​កម្លាំង​យោធាទាំងសងខាង​បាន​បញ្ជូន​ទៅ​តំបន់​ព្រំដែន និងស្ថានភាព​ព្រំដែន​​ឈាន​ទៅដល់​បិទច្រក​ទ្វារ​អន្ដរជាតិ​ដែលផ្ដើម​ឡើង​ដោយ​ភាគីថៃមុន។​

ជាបន្ដបន្ទាប់​ភាគីថៃ​បាន​បង្ករហេតុ​ឥតឈប់ឈរ​មកលើ​កម្ពុជា​ខណៈកម្ពុជា​បាន​ព្យាយាម​អត់ធ្មត់​ និង​ចង់​ដោះស្រាយ​បញ្ហា​ការប្រឈម​នៅតំបន់​មុំបី ប្រាសាទតាមាន់តូច ប្រាសាទ​តាមាន់​ធំ និងប្រាសាទតាក្របី​តាមយន្ដការអន្ដរជាតិ​ គឺតុលាការយុត្តិធម៌អន្ដរជាតិ​ ព្រោះការចរចាទ្វេរភាគី​ជាច្រើន​មិន​បានផល ប៉ុន្ដែ​ឯកភាព​លើតំបន់ផ្សេងៗ តាម​យន្ដការគណៈកម្មការ និងទ្វេរភាគី។

អ្វីដែលភាគីថៃបានបង្កហេតុ​ថ្មីៗ​នៅអំឡុងខែកក្កដានេះ រួមមាន កាលពីថ្ងៃទី​៥ កក្កដា ២០២៥ ភ្ញៀវទេសចរ​កម្ពុជា​​បានទៅទស្សនាប្រាសាទតាក្របី បែរជាភ្ញៀវទេសចរថៃ​ ហាមឃាត់​ទេសចរកម្ពុជា​បង់ក្រមាខ្មែរ​ មិន​ឲ្យ​ថតរូប​និងមានអាកប្បកិរិយា​ចង់ប្រើហិង្សា​មកលើ​ទេសចរកម្ពុជា ហើយ​កងទ័ពថៃ​បានការពារ​អ្នកទេសចរ​របស់គេ​បណ្ដាល​ឲ្យ​មាន​ប៉ះសម្ដីគ្នារវាងកងទ័ពកម្ពុជា​និងថៃ​នៅពេលនោះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​បាន​បញ្ជាក់ហើយថា ទង្វើរបស់ថៃគឺជាការបំពាន​ច្បាប់​ទម្លាប់​របស់​កងទ័ពខ្មែរនិងថៃ​នៅលើប្រាសាទតាក្របី ហើយថៃគ្មានសិទ្ធិហាមឃាត់​ខ្មែរ​ពាក់ក្រមា​មានរូបទង់ជាតិ​​ទស្សនានៅប្រាសាទ​នោះដែរ។​

កាលពីថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៥ វេលាម៉ោង​៩ព្រឹក ថៃ​បានព្យាយាម​យក​រូប​ព្រះ២អង្គ​មកដាក់​នៅព្រំដែន​ ដែលករណីនេះឈាន​ដល់​កម្លាំង​យោធា​កម្ពុជា និងកម្លាំង​ឈុតខ្មៅ​ តឹងសរសៃកដាក់គ្នា​ នៅច្រកទ្វារអន្ដរជាតិ​អានសេះ។ ស្ថានភាព​នេះ​ក្រោយមក​ភាគីថៃ​បាន​យករូបបដិមារ​ព្រះពុទ្ធ២អង្គ​យក​ទៅ​ដាក់នៅបន្ទាយ​របស់គេវិញ។​

កាលពីថ្ងៃទី​១៣ កក្កដា​ ឆ្នាំ​២០២៥ ទាហានឈុតខ្មៅម្នាក់ និងបក្ខពួក​ស្លៀកពាក់ស៊ីវិល បានលបវាយពីក្រោយ​ទាហានកម្ពុជា ដែលអ្នកវាយនោះត្រូវបាន​ឲ្យដឹងថា​គឺជាមេ​ជល់មាន់​ប្រចាំ​នៅ​ខេត្ត​នគររាជស៊ីមា។ នៅថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ​កង​ពលតូច​ថ្មើរជើងលេខ៤២ និងទាហានថៃដឹកនាំដោយមេបញ្ជាការរងភូមិភាគ២ម្នាក់ បានជួបគ្នាដើម្បីពិភាក្សា​ការងារ​មួយចំនួន និងក៏ដើម្បីបន្ធូរស្ថានការណ៍នៅតាមព្រំដែនផងដែរ។ ក្រោយកើតហេតុភាគីកម្ពុជា​បានប្រតិកម្ម​និងតវ៉ាជាមួយភាគីថៃ ហើយមេបញ្ជាការភូមិភាគ២របស់ថៃ បាននាំបុគ្គលទាំង២នាក់​មកសុំទោស​ទាហានរបស់កម្ពុជានៅលើប្រាសាទតាមាន់ធំ ​នៅវេលាម៉ោង​៤រសៀល ថ្ងៃទី​១៣ កក្កដា។

រំលងបាន២ថ្ងៃ ចូលដល់ថ្ងៃទី​១៥ កក្កដា ឆ្នាំ​២០២៥ ចំខួប​១៧ឆ្នាំ​ នៃការប៉ះទង្គិចគ្នា​រវាងកងទ័ពកម្ពុជា​និងថៃ នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារ​នោះ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមាន​ការ​ប៉ះទង្កិច​គ្នា​ដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា កាលពីថ្ងៃអង្គារ នេះ មេបញ្ជាការយោធភូមិភាគទី២ ថៃ បាននិយាយថា លោកបាន​ត្រៀមលក្ខណៈរួចរាល់ ដើម្បីបន្ដការហ៊ុមព័ទ្ធប្រាសាទតាមាន់ធំ ដោយរង់ចាំតែការបញ្ជាពីរដ្ឋាភិបាល និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថៃ ប៉ុណ្ណោះ។

ឆ្លើយតប​ទៅ​នឹង​បំណង​គគ្លើនរបស់ថៃ​នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា​នៃព្រះរាជា​ណាចក្រកម្ពុជា មានប្រសាសន៍ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃចន្ទ ទី១៤ ខែកក្កដាថា ប្រសិនបើហ៊ានសង់របងព័ទ្ធប្រាសាទមែននោះ អាចធ្វើឱ្យមានជម្លោះកាន់តែខ្លាំងឡើង។ សម្ដេចតេជោបានថ្លែងបន្ដថា កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមមួយដែលថៃជាអ្នករុញ​ច្រាន៕

Share.