លោកស្រី សួរ ចាន់ពិសី ប្រធានអង្គភាពលទ្ធកម្ម នៃរដ្ឋបាលស្រុកត្បែងមានជ័យ បានដាក់ពាក្យបណ្ដឹងទៅតុលាការ និងក្រសួងមហាផ្ទៃ ធ្វើការចោទប្រកាន់ លោកនុត សោភណ្ឌ អភិបាលស្រុកត្បែងមានជ័យថាបានបៀតបៀនប្រទូស្ដកេរ្តិ៍លើខ្លួន តាំងពីឆ្នាំ២០២២ និងជាបន្ដបន្ទាប់។

សូមចុចអាន៖ ក្រុមយុវជនកាន់តែច្រើនមកទស្សនាប្រាសាទតាក្របីរបស់ខ្មែរ

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីនេះខាងលើនេះគឺបានកើតឡើងមែន គឺស្រ្តីខាងលើបានដាក់ពាក្យបណ្ដឹងទៅតុលាការ ក្រោយមកទៀតបានដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃបន្ទាប់ពីទទួលបានពាក្យបណ្ដឹងបានចាត់នីតិវិធីរដ្ឋបាល ហើយសំណុំរឿងបានដល់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់តាំងឲ្យ អគ្គាធិការរដ្ឋាន ដើម្បីចាត់ចែងក្រុមការងារជំនាញចុះស្រាវជ្រាវ និងប្រមូលនូវភស្ដុតាង ឲ្យបានគ្រប់ជ្រុងជ្រោយ។ ជាលទ្ធផលអគារធិការដ្ឋាន បានសហការជាមួយរដ្ឋបាលខេត្តបានបញ្ចប់ការងារស្រាវជ្រាវហើយ កំពុងធ្វើរបាយការណ៍សំយោគដាក់ជូនឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដើម្បីធ្វើការសម្រេចលើរឿងនេះ។

ការសម្រេចណាមួយគឺផ្អែកលើទិដ្ឋភាពច្បាប់ ដោយសារសុំណុំរឿងនេះស្ថិតនៅក្នុងមន្រ្តីស៊ីវិល ដូច្នេះត្រូវពិនិត្យទៅលើបទវិនិ៍យស្ដីពី សហលក្ខន្ដិកៈ មន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល។

«យើងមិនទាន់សម្រេចថាខុសឬត្រូវនៅឡើយទេ ព្រោះសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណើរការរបស់តុលាការ។ កាលណាយើងនិយាយទៅនាំឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពនៃសំណុំរឿង ប៉ះពាល់ដល់នីតិវិធី និងប៉ះពាល់ដល់សិទ្ធិសាមីរបស់តុលាការ និងបុគ្គល»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិតបានបញ្ជាក់អំពីជំហររបស់ក្រសួងមហាផ្ទៃថា ក្រសួងមិនការពារមន្ដ្រីខិលខូច ឬប្រព្រឹត្តិអំពើខុសឆ្គងនោះទេ ផ្ទុយមកវិញ ក្រសួងក៏ការពារមន្រ្តីដែលល្អប្រសើរ មិនបានប្រព្រឹត្តិដូចការចោទប្រកាន់នោះដែរ។ ជារួមក្រសួងមហាផ្ទៃឈរនៅលើគោកការណ៍កណ្ដាល ប្រកាន់នូវសច្ចធម៌ និងគុណធម៌ ដើម្បីផ្ដល់យុត្តិធម៌ និងការពារតួអង្គពាក់ព័ន្ធទាំងអស់។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ មានករណីផ្ទុះលើព័ត៌មានសង្គម លោកស្រី សួរ ចាន់ពិសី ប្រធានអង្គភាពលទ្ធកម្ម នៃរដ្ឋបាលស្រុកត្បែងមានជ័យ បានធ្វើការចោទប្រកាន់ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ថាបៀតបៀនប្រទូស្តកេរ្ត៍ខ្មាស់លើខ្លួន តាំងពីឆ្នាំ២០២២ និងជាបន្តបន្ទាប់។
ករណីយនេះ រដ្ឋបាលខេត្ត និងអគារធិការ នៃក្រសួងមហាផ្ទៃ បានចុះសាកសួរលោកស្រី សួរ ចាន់ពិសី នាថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៥ នេះរួចហើយ។

លោកស្រី សួរ ចាន់ពិសី ក៏បានដាក់ពាក្យបណ្តឹង ទៅតុលាការខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ (សំណុំរឿងលេខ១៤៩ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥) ហើយព្រះរាជអាជ្ញា បានកោះអញ្ជើញ លោក នុត សោភ័ណ្ឌ ឲ្យមកបំភ្លឺ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៩ព្រឹក នាងមុខផងដែរ។ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ (អាយុ៥៨ឆ្នាំ) និងត្រូវចប់អាណត្តិទី២ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាមុខនេះ៕

Share.