ក្រុមអ្នកជួយសង្រ្គោះ កំពុងបន្ដស្វែងរកអ្នកបាត់ខ្លួនចំនួន ៥នាក់ទៀត បន្ទាប់ពីមនុស្ស ៣៧នាក់បានស្លាប់នៅពេលទូកទេសចរណ៍មួយគ្រឿងបានក្រឡាប់លិចនៅតំបន់ឆកសមុទ្រ Ha Long ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់វៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥។

ទូកទេសចរណ៍មួយនេះ បានលិចបន្ទាប់ត្រូវបានវាយប្រហារដោយព្យុះ Wipha ដែលបោកបក់ចូលសមុទ្រចិនខាងត្បូង ដោយនាំមកនូវខ្យល់បក់ ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅក្នុងតំបន់នោះកាលពីថ្ងៃសៅរ៍ ម្សិលម៉ិញនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VNExpress បានឱ្យដឹងថា ទូកទេសចរណ៍នេះមានឈ្មោះថា «Wonder Sea» បានដឹកអ្នកដំណើរសរុបចំនួន ៤៨នាក់ និងក្រុមការងារបម្រើការលើទូកចំនួន ៥នាក់។ អ្នកដំណើរភាគច្រើនជាគ្រួសារអ្នកទេសចរណ៍មកពីរដ្ឋធានីហាណូយ ក្នុងចំណោមនោះមានកុមារជាង ២០នាក់ផងដែរ។

សូមជម្រាបថា កាលពីឆ្នាំមុន មានកប៉ាល់ចំនួន៣០ បានលិចនៅសមុទ្រនៃខេត្ត Quang Ninh តាមបណ្ដោយឈូងសមុទ្រ Ha Long បន្ទាប់ពីរងការវាយប្រហារដោយព្យុះ Yagi នាំមកនូវខ្យល់បក់ខ្លាំង និងរលកធំៗ។ ដោយឡែក នៅក្នុងខែកក្កដា នេះ ក៏ទើបតែមានករណីលិចស្រឡាង ១គ្រឿងនៅក្បែរឆ្នេរកោះ Bali ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់៕

ប្រភព៖ CNA

Share.