ក្រុមបាល់ទះជម្រើសជាតិជប៉ុន បានធ្វើដំណើរដល់វគ្គ ៨ក្រុម ក្នុងពានរង្វាន់បាល់ទះបុរសកម្រិតពិភពលោក FIVB Men’s Volleyball Nations League 2025 ដោយនឹងត្រូវជួបក្រុមជម្រើសជាតិប៉ូឡូញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

មុនឈានដល់វគ្គ ៨ក្រុមនេះ ឆ្លងកាត់១២ប្រកួត ក្រុមបាល់ទះជម្រើសជាតិជប៉ុន ឈ្នះ ៨ប្រកួត ចាញ់ ៤ប្រកួត មាន ២៣ពិន្ទុ ឈរនៅលេខ៤ ពីក្រោយ បារាំង អ៊ីតាលី និងប្រេស៊ីល ។
ក្រុមដែលឡើងមកកាន់វគ្គ ៨ក្រុមចុងក្រោយ FIVB Men’s Volleyball Nations League 2025 រួមមាន៖ ប្រេស៊ីល អ៊ីតាលី បារាំង ជប៉ុន ប៉ូឡូញ ស្លូវេនី គុយបា និងម្ចាស់ផ្ទះចិន។
កម្មវិធីប្រកួតនៅថ្ងៃទី៣០-៣១ កក្កដា ២០២៥ ដូចខាងក្រោម៖

ដោយឡែកសម្រាប់ក្រុមបាល់ទះជម្រើសជាតិហូឡង់ ធ្លាក់ចេញពីពានរង្វាន់បាល់ទះពិភពលោក FIVB Men’s Volleyball Nations League ២០២៥។ ដូច្នេះនៅឆ្នាំ ២០២៦ មិនឈ្មោះក្រុមបាល់ទះជម្រើសជាតិហូឡង់ ទៀតនោះទេ។


ការប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក FIVB Men’s Volleyball Nations League 2025 មាន២ដំណាក់កាលគឺ ទី១ ការប្រកួតវិលជុំសន្សំពិន្ទុដែលមាន ៣សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេចំនួន៧ និងម្ចាស់ផ្ទះ ចិន បានឡើងទៅដំណាក់កាលទី២ ដែលជាជុំផ្ដាច់ព្រ័ត្រ (វគ្គ៨ក្រុមចុងក្រោយ) ធ្វើឡើងចាប់ពីថ្ងៃទី៣០ កក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។
ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស 2025 FIVB Volleyball Men’s Nations League ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី១១ មិថុនា ដល់ថ្ងៃទី៣ សីហា ២០២៥ ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៨ក្រុម ធ្វើឡើងនៅប្រទេសចិន។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕


