សេអ៊ូល៖ គិតត្រឹមថ្ងៃអាទិត្យ ទី២០ ខែកក្កដា នេះ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូងកើនឡើងដល់ ១៧នាក់ហើយ ខណៈមនុស្ស ១១នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារស្រុក ហ្គេបយ៉ុង (Gapyeong) ខេត្ត ជីយ៉ុងជី (Gyeonggi) ភាគខាងកើតនៃរដ្ឋធានីសេអ៊ូល បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និងមនុស្ស ៥នាក់បាត់ខ្លួន។ ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើង ហើយសាកសពអ្នកដែលបាត់ខ្លួនភាគច្រើនត្រូវបានទឹកគួចនាំយកទៅ ឬរអិលបាក់ដី។

យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃអាទិត្យ សប្ដាហ៍មុននេះ ចំនួនអ្នកស្លាប់សរុបដោយសារគ្រោះទឹកជំនន់រយៈពេល ៥ថ្ងៃ បានកើនឡើងដល់ ១៧នាក់ និង១១នាក់បាត់ខ្លួន។ ការស្លាប់ភាគច្រើនបានកើតឡើងនៅស្រុក សាន់ឆុង (Sancheong) ភាគខាងត្បូង។

ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានរាយការណ៍ថា មនុស្សជាង ៣,៨០០​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ ហើយបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ​​ជិត ១,៩២០​ករណី ដូចជា ការ​ខូចខាត​ផ្លូវថ្នល់ ការ​បាក់ទំនប់ទឹក និង​ការ​ខូចខាតសម្ភារៈសាធារណៈ។

ជាធម្មតា ប្រទេសមួយនេះបានជួបប្រទះនូវភ្លៀងមូសុង ក្នុងខែកក្កដា ដោយបង្កើនការ​ព្រួយ​បារម្ភ​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ដែល​ទាក់ទង​នឹង​អាកាសធាតុ។ ប៉ុន្ដែក្នុងសប្ដាហ៍នេះ តំបន់ភាគខាងត្បូងរបស់ប្រទេសនេះ បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត នេះបើយោងតាមទិន្នន័យផ្លូវការ។

យ៉ាងណាម៉ិញ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុប្រែប្រួលកាន់តែធ្ងន់ធ្ងរ ហើយកើតមានជាញឹកញាប់ និងកាន់តែខ្លាំងនៅជុំវិញពិភពលោក៕

ប្រភព៖ CNA

ចុចអាន៖ ជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លា.ប់ និងជាង១០០០នាក់ត្រូវជម្លៀសខ្លួន



Share.