ពោធិ៍សាត់៖​ ត្រីមេពួជ កូនត្រីចម្រុះនិងវារីសត្វពូជក្នុងស្រុកប្រមាណ៤ម៉ឺនក្បាល ត្រូវបានព្រលែងចូលទៅក្នុងជំរកត្រីសហគមន៍នេសាទបឹងកំពែងសំដៅការពារអភិរក្សនិងអភិវឌ្ឍន៍ធនធានមច្ឆាជាតិឲ្យកាន់តែសម្បូរឡើង។ការព្រលែងនេះធ្វើឡើងនៅក្នុងទិវាមច្ឆាជាតិ១ កក្កដាឆ្នាំ ២០២៥ ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២៥។

បើតាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ កូនត្រីចម្រុះប្រមាណ ៣០.០០០ក្បាល និងត្រីមេពូជចំនួន ១០០គីឡូក្រាមរួមមាន កូនត្រីឆ្អិន កូនត្រីប្រា កូនត្រីពោធិ៍ អណ្ដើក កង្កែប និងត្រីមេ មានត្រី ក្រាញ់ ប្រុស រៀល ឆ្អិន និងត្រីប្រា ដែលបានលែងចូលស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែងក្នុងពេលនេះ គឺដើម្បីបង្កើនផលស្តុកធម្មជាតិ ក្នុងបឹងជម្រកត្រីធម្មជាតិ ឲ្យសម្បូរហូរហៀរឡើងវិញ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន ត្រីធម្មជាតិ ក៏ដូចក្នុងខេត្តយើង។

លោកបានបញ្ជាក់ថា ខេត្តពោធិ៍សាត់ មានសហគមន៍នេសាទចំនួន៣៥ ដែលបានបង្កើតឡើងក្នុងក្រុង-ស្រុកទាំង០៧ ​និងមានទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសហគមន៍ទាំងអស់គឺបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនៅក្នុងខេត្ត។

ដោយឡែកចំពោះការអភិរក្សធនធានជលផល មកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលក្នុងខេត្តពោធិ៍សាត់មាន ៦កន្លែង លើផ្ទៃដីសរុប២២.៩៥០ហិកតា និងបានបង្កើតស្រះជម្រកត្រីបាន ចំនួន ៣៣កន្លែង។ ហើយផលនេសាទទឹកសាបក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ សម្រេចបានចំនួន ៣១.៦០០តោន មានការ កើនឡើងជាង ១.២០០តោន បើធៀបនឹងឆ្នាំ២០២៤ និងទទួលបានផលពីវារីវប្បកម្ម/ចិញ្ចឹមត្រី(តាមស្រះ និង តាមបែរ ចំនួន១៣.០៤២តោនផងដែរ។

ឯកឧត្តម ខូយ រីដា ​អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធធ្វើជារៀងរាល់​ឆ្នាំ​ស្របតាមច្បាប់ ស្តីពីជលផល ដោយក្នុងឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំនៅស្រះជំរកត្រី​សហគមន៍​នេសាទបឹងកំពែង គឺដើម្បីផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋឱ្យ ចូលរួមការពារ អភិរក្ស និង​អភិវឌ្ឍន៍​វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផលដើម្បីផល​ប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន។

ឯកឧត្ដម​បន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាននិងកំពុងខិតខំប្រឹង​ប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និង​ផែនការ​ អភិវឌ្ឍន៍​វិស័យកសិកម្ម​ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍​វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានា សន្តិសុខ​ស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច​ និងលើកស្ទួយជីវភាពប្រជាកសិករប្រកបដោយនិរន្តភាព កសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ​ដោយសម្រេចបានលទ្ធផល​ជាច្រើនគួរជាទីមោទន។

ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិ ប្រកប​ដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ការធ្វើអាជីវកម្ម​ទៅនឹងការអភិរក្សជលផល ការ​ធ្វើវារីវប្បកម្ម និងការពារបរិស្ថាន ​គឺជាបញ្ហាដែលមានសារៈសំខាន់ និងមានតម្លៃបំផុតសម្រាប់​ទ្រទ្រង់​ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន​។ ដូច្នេះ ​ត្រូវប្តេជ្ញារួមគ្នាការពារ អភិរក្ស និងគ្រប់គ្រងធនធាន ​ផលផល ធម្មជាតិដែលមានតម្លៃធំធេងនេះឱ្យខាងតែបាន ដើម្បីរក្សា​ជាកេរ្តិ៍ដំណែលដល់កូនចៅយើងតទៅមុខទៀត៕

អត្ថបទ៖ ពោធិ៍សាត់

Share.