មើលលើការចេញផ្សាយរបស់សារព័ត៌មាន komchadluek និងKhaosod ថ្ងៃទី ១៩ កក្កដា ២០២៥ នេះឱ្យដឹងថា មេទ័ព ប៊ុនស៊ីន ផាតក្លាង កំពុងត្រៀមបូកសរុបទិន្ន័យព័ត៌មានផ្ញើទៅក្រសួងការបរទេស ដើម្បីសងសឹកកម្ពុជាប្ដឹងទៅ UN បន្ទាប់ខ្លួនរកឃើញគ្រាប់បែកថ្មី ៨ គ្រាប់ និងជឿថានៅមានសេសសល់ជាច្រើនគ្រាប់ទៀតបានដាំបង្កប់នៅតំបន់ព្រំដែនឆងបុក ឬមុំ៣។

មេទ័ពភូមិភាគទី២ថៃរូបនេះ បានគឃ្លើនចោទកម្ពុជាពីការរំលោភបំពានរបស់កម្ពុជាលើអនុសញ្ញាប្រឆាំងមីន ដែលប្រទេសថៃ និងកម្ពុជា គឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ១៩៩៧ ដែលហាមប្រាមការប្រើប្រាស់គ្រាប់ មីនប្រឆាំងមនុស្ស។ លោក ប៊ុនស៊ីន បាននិយាយពន្យល់នៅចំពោះមុខអ្នកសារព័ត៌មានថៃថា រកឃើញគ្រាប់មីនថ្មីចំនួន ៣ គ្រាប់ដាំលើដីក្នុងទីតាំងមួយដែលមានគម្លាត ៤០ ម៉ែត្រពីគ្នា ហើយលាក់បង្កប់ក្រោមស្លឹកឈើគ្រាម។ ចំណែកឯ គ្រាប់បែក ៥ គ្រាប់ផ្សេងទៀតដាំក្នុងរណ្ដៅដីដែលមានគម្លាតពីគ្នា ៩០ សង់ទីម៉ែត្រ ដោយលោកសម្គាល់យ៉ាងច្បាស់ថា ជាប្រភេទគ្រាប់បែកចាស់ដែលទើបតែដាំថ្មីៗ។

លោក ប៊ុនស៊ីន ផាតក្លាង ហាក់និយាយទាំងទឹកមុខមានជំនឿចិត្តថា ខ្លួនកំពុងដំណើរការរៀបចំរបាយការណ៍ដាក់ជូនទៅមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ព ដើម្បីណែនាំទៅរដ្ឋាភិបាលថៃ តាមរយៈក្រសួងការបរទេសដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ដោយផ្នែកយោធាគឺមិនរងចាំបញ្ជាណាមួយពីរដ្ឋាភិបាលថៃឡើយ។ លោកលើកឡើងថា គ្មានយោធាថៃណាទៅដាំមីនក្បែរតំបន់កងទ័ពរបស់ខ្លួនឯងនោះទេ ដោយចោទប្រកាន់ទាំងស្រុងមកលើកម្ពុជា ចង់ឱ្យកម្ពុជាទទួលកំហុសមួយនេះនៅចំពោះមុខតុលាការអន្តរជាតិ។

យ៉ាងណាមិញ នៅថ្ងៃទី ២០ កក្កដា ២០២៥ នេះ មេទ័ពភូមិភាគទី២ថៃ បានបញ្ជូនវិស្វករយោធា និងក្រុមអ្នកជំនាញស្រ្កេនមីនទៅកាន់តំបន់ឆងបុក ដើម្បីត្រួតពិនិត្យនិងបោសសម្អាតមីនតំបន់តាមព្រំដែន ដោយប្រើឧបករណ៍ត្រាក់ទ័រឈូសឆាយតំបន់សង្ស័យទាំងនោះ ។ វិស្វករ​យោធា​បាន​រុករក និង​បោសសម្អាត​មីន​ដែលមន្ទិល​សង្ស័យ​ឱ្យ​អស់​​ដើម្បី​ធានាឱ្យបានថា កងទ័ពថៃនឹងមាន​សុវត្ថិភាព បន្ទាប់ពីឧបទ្ទវហេតុជាន់គ្រាប់មីន ផ្ទុះបណ្តាលឱ្យយោធា​ថៃ៣នាក់រងរបួស។

ភ្ជាប់ជាមួយហេតុការណ៍ពីថៃខាងលើនេះ អ្នកវិភាគស្ថានការនយោបាយនៅកម្ពុជាមើលឃើញថា បញ្ហាលើកយកករណីគ្រាប់មីនចង់ប្តឹងកម្ពុជាទៅ UN នេះពិតជាល្អហើយ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅ ICJ តែម្តងទៅ ព្រោះថាតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាតុលាការរបស់ UN នេះស្រាប់ ដែលថៃខ្លួនឯងធ្លាប់ប្រកែកក្ដែងនិងបដិសេធថា មិនទទួលស្គាល់យុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិឡើយ។

ដោយឡែក អាជ្ញាធរមីននៅកម្ពុជា បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ របស់សារព័ត៌មានថៃមួយចំនួន និងគ្រប់ភាគីពាក់ព័ន្ធដែលចោទប្រកាន់កម្ពុជាទាំងមិនទាន់ដឹងអំពីការពិត គ្មានកិច្ចសហប្រតិបត្តិការ និងគ្មានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ៕

Share.