តើប្រទេសថៃ ពិតជាបានយកមូលដ្ឋានទ័ពជើងទឹកនៅខេត្ត ផាំងង៉ា ដោះដូរនិងឆ្លើយតបតាមការចង់បានរបស់សហរដ្ឋអាមេរិកដើម្បីឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ទន់ចិត្ត​ព្រម​ទម្លាក់ពន្ធបិដការប្រទេសថៃទាបជាង៣៦%​មែនទេ?

ត្បិតថាអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាមេគំនិតនៅពីក្រោយខ្នងបក្សភឿថៃបានផ្តល់បទសម្ភាសន៍អំពីវឌ្ឍនភាពនៃការចរចារពន្ធគយបដិការជាមួយសហរដ្ឋអាមេរិកថាមានដំណើរការល្អនិងបានបដិសេធថា មិនបានប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកនៅខេត្ត ផាំងង៉ា ជាថ្នូរដោះដូរជាមួយសហរដ្ឋអាមេរិកក្នុងការទម្លាក់ពន្ធគយបដិការជាលើកទីបីជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយនេះ រួមទាំងនាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ វេជ្យៈឆ័យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានចេញមកបដិសេធដូចគ្នាថា គ្មានការដាក់មូលដ្ឋានទ័ពអាមេរិកនៅមូលដ្ឋានទ័ពជើងទឹកនៅខេត្ត ផាំងង៉ា ដែលកំពុងមានការអភិវឌ្ឍន៍ក៏ដោយ ក៏ប៉ុន្តែមុននេះតាមរយៈការចេញផ្សាយរបស់សារព័ត៌មាន mgronline បានទម្លាយឱ្យដឹងថាលោក ស៊ុនធិ លីមថងគុល បានទម្លាយថា អាមេរិកត្រៀមតែងតាំងឯកអគ្គរដ្ឋទូតថ្មី នៅក្នុងប្រទេសថៃ ដែលស៊ីគ្នានឹងដំណឹងចចាមអារ៉ាមថារដ្ឋាភិបាលបក្ស ភឿថៃ ត្រៀមផែនការចំនួន៤ ដើម្បីចរចាយកចិត្តអាមេរិកឱ្យទម្លាក់ពន្ធដោយមួយក្នុងចំណោម៤នោះគឺ ផ្ដល់ទីតាំងមូលដ្ឋានទ័ពជើងទឹកនៅខេត្តផាំងង៉ាឱ្យសហរដ្ឋអាមេរិក។

ជាការកត់សម្គាល់ ដែលធ្វើឱ្យពលរដ្ឋថៃជឿថាពិតជាមានផែនការបែបនេះប្រាកដមែននោះ ព្រោះតែទីមួយ អាមេរិកកំពុងតែសម្លឹងចង់ដាក់មូលដ្ឋានទ័ពជើងទឹកនៅខេត្ត ផាំងង៉ាដើម្បីទប់ទល់ជាមួយប្រទេសចិន ទីពីរ អាមេរិក​នឹងតែងតែឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសថៃដែលមានមនោគមវិជ្ជាស្តាំនិយមគាំទ្រយ៉ាងពេញទំហឹងលើ​គោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែលជាយុទ្ធសាស្ត្រវាយឡុកឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីខ្ទប់ទាំងវិស័យសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងយោធារបស់ចិន ដែលអាមេរិកចាត់ទុកជាសត្រូវនិងគូប្រជែងទាំងសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួន។

សំណួរសួរថា តើមូលដ្ឋានទ័ពជើងទឹកនៅខេត្ត ផាំងង៉ា មានសារៈសំខាន់អ្វីខ្លះ?

មូលដ្ឋានទ័ពជើងទឹកនៅខេត្ត ផាំងង៉ា គឺជាតំបន់នៃកងទ័ពជើងទឹករបស់ប្រទេសថៃដែលមានទីតាំងស្ដិតក្នុងឈូងសមុទ្រ Andaman ក្រោមការគ្រប់គ្រងផ្ទាល់ទៅតំបន់កងទ័ពជើងទឹកទី៣។ វាមានមូលដ្ឋាននៅក្នុងតំបន់ ឡាំគែន ស្រុក ថាយមឿង ខេត្ត ផាំងង៉ា ត្រូវបានសាងសង់ឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៨២ ប្រមាណជា ៤៣ ឆ្នាំមុន។

នៅ​ខាង​ក្នុង​មាន​ផែ​ដែល​លូត​ចេញ​ពី​ច្រាំង​ជា​រាង​អក្សរ L ។ ផ្នែកចំហៀងសណ្ឋាន​វែង​ស្រប​នឹង​ច្រាំង​សមុទ្រ​មាន​ប្រវែង​ប្រហែល ២០០ ម៉ែត្រ និង​ទទឹង ១៥ ម៉ែត្រ។ រីឯផ្នែកចំហៀង​ដែល​លូត​ចេញ​ពី​ច្រាំង​សមុទ្រ​មាន​ប្រវែង​ប្រហែល ១០០ ម៉ែត្រ និង​ទទឹង ១០ ម៉ែត្រ។ វាក៏ជាផ្ទះរបស់មន្ទីរពេទ្យមូលដ្ឋានទ័ពជើងទឹក Phang Nga មជ្ឈមណ្ឌលអភិរក្សអណ្តើកសមុទ្រ និងកន្លែងរំលឹករលកយក្សស៊ូណាមិផងដែរ។

បើមើលលើផែនទី មូលដ្ឋានទ័ពជើងទឹកផាំងង៉ា គឺជាចំណុចភស្តុភារដ៏សំខាន់ដែលបានទទួលខុសត្រូវទាំងស្រុងចំពោះច្រកសមុទ្រម៉ាឡាកា ដោយតភ្ជាប់ពីប្រទេសថៃទៅកាន់ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី លើផ្ទៃដី គ្របដណ្តប់ ៤០,០០០ គីឡូម៉ែត្រការ៉េ។

តើមូលដ្ឋានទ័ពជើងទឹកមួយនេះមានសារៈសំខាន់អ្វីចំពោះអាមេរិក? ហេតុអ្វីអាមេរិកចង់បានខ្លាំងម្ល៉េះ?

មូលហេតុដែលអាមេរិកចង់ប្រើប្រាស់មូលដ្ឋានទ័ពផាំងង៉ាជាមូលដ្ឋានរបស់ខ្លួននៅក៏ព្រោះតែ៖

ទីមួយគឺ មូលដ្ឋានទ័ពជើងទឹកថៃមួយនេះមានមូលដ្ឋាននៅខាងមហាសមុទ្រឥណ្ឌា ដែលមានសារៈសំខាន់ចំពោះអាមេរិកក្នុង​ការ​រារាំង​ចិន។ ព្រោះថាតាំងពីសង្រ្គាមឥណ្ឌូចិនមក អាមេរិកបានប្រើប្រាស់មូលដ្ឋានទ័ពជាច្រើននៅក្នុងប្រទេសថៃ ដើម្បីប្រតិបត្តិការនៅប្រទេសឡាវ និងកម្ពុជា ដែលភាគច្រើនស្ថិតនៅក្នុងភូមិភាគឦសាន។ ប៉ុន្តែអាមេរិកមិនមានមូលដ្ឋានសំខាន់នៅខាងមហាសមុទ្រឥណ្ឌានោះទេ។

ទីពីរគឺ ដើមឡើយសហរដ្ឋអាមេរិកបានហៅតំបន់មូលដ្ឋាននេះថា “អាស៊ីប៉ាស៊ីហ្វិក” ប៉ុន្តែក្រោយមកបានប្តូរវាទៅជា “ឥណ្ឌូប៉ាស៊ីហ្វិក” ដែលបង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់សហរដ្ឋអាមេរិកចង់ពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងមហាសមុទ្រឥណ្ឌា ព្រោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកមានប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ កោះហ្គាំ កោះហាវ៉ៃ ហើយចុងក្រោយបំផុតគឺហ្វីលីពីន។

ទីបីគឺ វាប្រាកដណាស់ដែលមូលដ្ឋានទ័ពជើងទឹកផាំងង៉ា មិនត្រឹមតែត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងច្រកសមុទ្រម៉ាឡាកា ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដូចជា ខ្សែគុជខ្យងដើម្បីបិទភាគីទាំងសងខាងគឺមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌា។ នេះគឺដូចគ្នានឹង យុទ្ធសាស្ត្រខ្សែសង្វាក់កោះ ដែលសហរដ្ឋអាមេរិកមាន ខ្សែសង្វាក់កោះ 1-2-3 នៅប៉ាស៊ីហ្វិក។ ខ្សែសង្វាក់កោះទីមួយមានប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងហ្វីលីពីន។ ទី២ខ្សែសង្វាក់កោះទីពីរមាននៅកោះ Guam និងហ្វីលីពីន និងទីបីមានកោះហាវ៉ៃ និងកោះផ្សេងៗនៅប៉ាស៊ីហ្វិក រហូតដល់អូស្ត្រាលី និងនូវែលសេឡង់។

ទីបួនគឺ មូលដ្ឋានទ័ពជើងទឹកផាំងង៉ា មានទីតាំងស្ថិតនៅមាត់ច្រកចូលគម្រោង Land Bridge បើទោះបីជាថៃសាងសង់ស្ពានលើដីឬអត់ក៏ដោយ ក៏អាមេរិកត្រូវតែស្ទាក់និងបិទផ្លូវ ដើម្បីកុំឱ្យចិនចូលតំបន់នេះបាន។

យ៉ាងណាមិញ សម្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសថៃគឺនឹងត្រូវតែងតាំងលោក Sean O’Neill ដែលជាមន្ត្រីជាន់ខ្ពស់នៅការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងបុរសពូកែយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជំនួសលោក Robert F. Godec ដែលជាឯកអគ្គរដ្ឋទូត​អាមេរិក​ត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី Joe Biden។ ដូច្នេះហើយ ការដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ជ្រើស​រើស​លោក Sean O’Neill ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសថៃ គឺបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្កើតមូលដ្ឋានទ័ពនៅក្នុងប្រទេសថៃ ដើម្បីរាំងខ្ទប់ប្រទេសចិន។

ដោយឡែក លោក ភូមិថាំ វេជ្យៈឆ័យ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី បានឆ្លើយបដិសេធចំពោះរឿងបែកធ្លាយខាងលើនេះ និងចោទប្រព័ន្ធផ្សព្វផ្សាយថា រាយការណ៍ព័ត៌មានដែលធ្វើឱ្យប្រទេសជាតិខូចខាត ប៉ុន្តែលោកភ្លាត់មាត់ទទួលស្គាល់ថា ការស្នើសុំរបស់សហរដ្ឋអាមេរិក ក្នុងការប្រើមូលដ្ឋានទ័ពជើងទឹក គឺស្ថិតនៅក្នុងផែនការមួយក្នុងចំណោមផែនការបួន ដែលលោកមិនដឹងថា ផែនការនោះជាអ្វី ឬជាផែនការចរចាដើម្បីកាត់បន្ថយពន្ធគយបដិការ ឬយ៉ាងណានោះទេ? ក្នុង​នាម​ជា​ឧបនាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សន្តិសុខជាតិ លោក​នឹង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​កងទ័ព​ជើង​ទឹក​ម្ដង​ទៀត៕

Share.