កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម ស្ដីពីករណីប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធនឹងការទិញដីឡូត៍ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពីលោក វរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។

ប្រជាពលរដ្ឋជាច្រើនបានបញ្ជាក់ថា បន្ទាប់ពីបង់លុយរួចហើយ និងខ្លះក៏កំពុងបន្តបង់ តែតាំងពីពេលនោះមកមិនទាន់ទទួលបានទាំងដីឡូត៍ និងឯកសារសម្គាល់ប្លង់ដីនោះឡើយ។ ទៀតទើបលោកជឿន សារួន ត្រូវបានគេសង្កេតឃើញថា បានអវត្តមានពីការងារជាច្រើនថ្ងៃ ហើយមានព័ត៌មានថា គាត់បានរត់គេចខ្លួនទៅក្រៅប្រទេស។

ចំពោះស្ថានភាពនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិធានវិន័យ ព្រមទាំងសម្រេចដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកវរសេនីយ៍ទោ ជឿន សារួន។ ការសម្រេចនេះផ្អែកលើមូលហេតុថា លោកបានអវត្តមានដោយគ្មានការអនុញ្ញាត និងមិនបានបំពេញភារកិច្ចយ៉ាងសមរម្យ តាមតួនាទីជាមន្ត្រីនគរបាលជាតិ។

ស្នងការដ្ឋានបានបញ្ជាក់ថា៖ ករណីរឿងរ៉ាវដីធ្លីនេះជាសកម្មភាពផ្ទាល់ខ្លួនរបស់មន្រ្តី ទាក់ទងជាមួយប្រជាពលរដ្ឋ ប៉ុន្តែមិនពាក់ព័ន្ធជាមួយអង្គភាពនគរបាលនោះឡើយ។

Share.