កីឡាករ Bryan Bagunas ជម្រើសជាតិរបស់​ហ្វីលីពីន ដែល​ជាដៃគូដ៏ស្អិតល្មួតរបស់កីឡាករកម្ពុជា វឿន វាសនា របស់ក្លិបបាល់ទះ Win Streak នៅតៃវ៉ាន់ បាន​សម្រេច​ចុះ​កុង​ត្រា​​ចូល​រួម​ជា​មួយក្លិប Osaka Bluteon របស់​ជប៉ុន ដែល​មាន Super Star ឆ្វេងជប៉ុន Yuji Nishida នៅទីនោះ។

យ៉ាងណាមិញកាលពីឆ្នាំ ២០២៤ កន្លងទៅកីឡាករ Bryan Bagunas បានយល់ព្រមបន្តកុងត្រាថ្មីរយ:ពេល ៥ឆ្នាំបន្ថែម ដល់ឆ្នាំ២០២៩ ជាមួយក្លិបបាល់ទះ Win Streak ក្នុងលីគ​​បាល់ទះ​​របស់តៃវ៉ាន់ (Enterprise Volleyball League)។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្លិបបាល់ទះ Win Streak របស់តៃវ៉ាន់ បានប្រកាសថាក្លិប និងកីឡាករ Bryan Bagunas បានព្រមព្រៀងបញ្ចប់កុងត្រាមុនកំណត់ដោយសន្តិវិធី។

ក្លិបបាល់ទះ Win Streak បន្តថាក្លិបពិតជាសោកស្ដាយចំពោះការបាត់បង់កីឡាករដ៏អស្ចារ្យម្នាក់នេះ ហើយសប្បាយចិត្តខ្លាំងណាស់ដែលរូបគេបានចូលរួមជាមួយក្រុមអាជីពរបស់ជប៉ុន។

គួរ​បញ្ជាក់ថា កីឡាករ Bryan Bagunas កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៧ អាយុ ២៧ឆ្នាំ និងកម្ពស់ ១.៩៥ម៉ែត្រ រូបធ្លាប់ជួយឱ្យក្រុមជម្រើសជាតិហ្វីលីពីន ឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩៕

Share.