
វិធីសាស្ដ្របៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្ដ្រ ដែលមានសីលធម៌ និងសុចរិតភាពនោះទេ។ វិធីសាស្ដ្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នា និងគ្នា។
នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងដូច្នេះ នៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេច នាព្រឹកថ្ងៃ អង្គារ ទី ២២ កក្កដានេះ ដើម្បីឆ្លើយតបទៅនឹងថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីននៅតាមព្រំដែន ព្រមទាំងបានធ្វើការគំរាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ជាដើម។
នៅក្នុងសារនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីក៏បានរំឭកភាគីថៃ កុំឱ្យបំពានបន្ទាត់ក្រហម។ កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។ កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហិង្សា ឱ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។
ចំពោះសកម្មភាពឯកតោភាគីរបស់ លើតំបន់មិនទាន់ដាច់ស្រេច សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាសង្កត់ធ្ងន់ថា តំបន់ ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន៕
