មនុស្សយ៉ាងហោចណាស់ ២០ នាក់បានស្លាប់ និង១៦៤នាក់ទៀតបានរងរបួស ខណៈដែលយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែសបានធ្លាក់ចូលទៅក្នុងបរិវេណមហាវិទ្យាល័យ និងសាលារៀនក្នុងរដ្ឋធានី ដាកា (Dhaka) កាលពីថ្ងៃចន្ទ ទី ២១ ខែកក្កដាឆ្នាំ២០២៥ បន្ទាប់ពីជួបបញ្ហាបច្ចេកទេសភ្លាមៗពីការហោះហើរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCAN។

អ្នកនាំពាក្យលោកវរសេនីយ៍ទោ Sami Ud Dowla Chowdhury បាននិយាយថា យន្តហោះ F-7 BGI បានហោះឡើងនៅម៉ោង ១.០៦នាទីរសៀល (ម៉ោងនៅក្នុងតំបន់) ពីមូលដ្ឋានទ័ពអាកាសបង់ក្លាដែស ដែលជាផ្នែកមួយនៃបេសកកម្មហ្វឹកហ្វឺនតាមទម្លាប់ ប៉ុន្តែបានជួបប្រទះនឹងការបរាជ័យផ្នែកមេកានិច។ ហើយអ្នកបើកយន្តហោះ បានព្យាយាមយ៉ាងខ្លាំង ដើម្បីបង្វែរយន្តហោះឱ្យឆ្ងាយពីតំបន់ដែលមានប្រជាជនច្រើន។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏យន្តហោះបានធ្លាក់ចូលទៅក្នុងអគារពីរជាន់ ដែលជាទីតាំងសាលា និងមហាវិទ្យាល័យ Milestone”នៅភាគខាងជើងនៃទីក្រុងដាកា។


យោធាបាននិយាយថា អ្នកបើកយន្តហោះស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងឧបទ្ទវហេតុខាងលើ។ ខណៈដែលបំណែកយន្តហោះដែលខ្ទេចខ្ទាំ ហាក់ដូចជាបានបុកទម្លុះជញ្ជាំងអគារ។ គ្រូបង្រៀនម្នាក់បានរៀបរាប់ថា គាត់បានឮសំឡេងផ្ទុះដ៏ខ្លាំង ខណៈពេលកំពុងទៅទទួលកូន ហើយពេលងាកក្រោយមក គាត់ឃើញតែភ្លើង និងផ្សែង។
លោក Bidhan Sarker ប្រធានផ្នែករលាកនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងមន្ទីរពេទ្យ ដាកា (Dhaka) បាននិយាយថា “សិស្សថ្នាក់ទី៣ម្នាក់ត្រូវបានសម្លាប់ ហើយបីនាក់ផ្សេងទៀតដែលមានអាយុ ១២, ១៤ និង ៤០ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ”។



ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស លោក Muhammad Yunus បានសម្តែងការសោកស្តាយ និងបានសន្យាថា នឹងចាត់វិធានការចាំបាច់ដើម្បីស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ។ ឧបទ្ទវហេតុនេះកើតឡើងប្រហែលមួយខែប៉ុណ្ណោះ បន្ទាប់ពីគ្រោះថ្នាក់អាកាសចរណ៍ដ៏ធ្ងន់ធ្ងរមួយនៅប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សសរុបជាង ២៦០នាក់៕

