មើលលើការចេញផ្សាយរបស់សារព័ត៌មាន Mgronline នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះឱ្យដឹងថា នាយកដ្ឋានបង្រ្កាបឧក្រិដ្ឋកម្មថៃ CIB ចាប់ខ្លួនស្ត្រីកែភេទមានវ័យ ២០ឆ្នាំម្នាក់ បានរួមគំនិតបើកក្រុមហ៊ុនភ្នាក់ងារជ្រើសរើសពលករចំនួន ៣ ទីតាំង ដើម្បីបោកបញ្ឆោតជនជាតិថៃឱ្យទៅធ្វើការក្នុងវិស័យកសិកម្មនៅប្រទេសកាណាដា និងគំរាមទារប្រាក់ពីពលកររងគ្រោះមិនតិចជាង ៣០០ នាក់អស់ប្រមាណ ១លានកន្លះ ដុល្លារជាថ្នូរលោះយកលិខិតឆ្លងដែនវិញ។

ក្រុមហ៊ុនភ្នាក់ងារថៃមួយនេះបានប្រើកលល្បិចបោកប្រាស់ពលករឱ្យផ្ញើប្រាក់មកជាមុន ប្រសិនបើចង់ទៅធ្វើការបានប្រាក់ខែខ្ពស់នៅប្រទេសកាណាដា។ ដោយដំបូងថ្លៃរៀបចំឯកសារចំនួន ៤៨,០០០ បាត បន្ទាប់មកសុំឱ្យពួកគេបង់ថ្លៃសំបុត្រយន្តហោះ និងថ្លៃរត់ការបន្ថែមទៀតប្រមាណ ៨៥,០០០-៩៨,០០០ បាត។ លុះដល់ម៉ោងដែលត្រូវទទួលឯកសារ និងសំបុត្រយន្ត បែរជាក្រុមហ៊ុនមិនអាចទាក់ទងបានទៀត។ ក្នុងនោះ ជនរងគ្រោះម្នាក់ត្រូវចាញ់បោកអស់ទឹកប្រាក់ប្រមាណចន្លោះ ១៥0,000-២00,000 បាតដើម្បីលោះលិខិតឆ្លងដែនមកវិញ។ ក្រុមជនរងគ្រោះបាននាំគ្នាដាក់ពាក្យបណ្ដឹង ដែលជនរងគ្រោះមានចំនួន ២៥០-៣០០ នាក់ ខាតបង់ទឹកប្រាក់ប្រមាណ៤០-៥០លានបាត ឬប្រហែលជា ១លានកន្លះដុល្លារអាមេរិក។
យ៉ាងណាមិញ ប៉ូលិសថៃបានរកឃើញសៀវភៅលិខិតឆ្លងដែនជនជាតិថៃដែលជាកម្មសិទ្ធរបស់ជនរងគ្រោះនៅក្នុងកេសក្រដាស់មានទាំងអស់ ២៤១ ក្បាល។ បើតាមការសាកសួរជនរងគ្រោះ រកឃើញថា ជនរងគ្រោះខ្លះបានខ្ចីបុលអ្នកដទៃ ឬបញ្ចាំទ្រព្យសម្បត្តិ ដើម្បីបង់ថ្លៃធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេសកាណាដា ប៉ុន្តែលង់ខ្លួននឹងត្រូវបោកប្រាស់ទើបបង្កជាសម្ពាធដែលមិនអាចរកលុយសងបំណុលបាន រហូតដល់ជនរងគ្រោះ២នាក់បានអត្តឃាតព្រោះករណីនេះតែម្ដង។

គួររំលឹកថា តាមការចេញផ្សាយនៅលើសារព័ត៌មាន AP បានបញ្ជាក់ថា នៅឆ្នាំ ២០២៥ នេះ ប្រទេសកាណាដា បានបើកទ្វារទទួលពលករពីបណ្ដាប្រទេសដទៃដល់ទៅ ៥ សែននាក់ ដើម្បីធ្វើការងារលើវិស័យកសិកម្ម និងវិស័យឧស្សហកម្ម ដែលករណីនេះក្លាយជាឱកាសកេញចំណេញរបស់ជនជាតិថៃធ្វើសកម្មភាពឆបោកដូចខាងលើតែម្ដង៕

