កំពង់ធំ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ បានដឹកនាំគណៈប្រតិភូអមដំណើរចុះពិនិត្យសកម្មភាពកសិកម្ម និងស្ថានភាពច្រូតស្រូវ នៅសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ ស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយកសិករនៅក្នុងសហគមន៍ ដោយបានសម្ដែងការសរសើរចំពោះភាពខិតខំប្រឹងប្រែង និងការរៀបចំគ្រប់គ្រងសហគមន៍យ៉ាងល្អ ។ ដោយក្នុងនោះសហគមន៍បានបង្ហាញថា ខ្លួនកំពុងចូលរួមជាមួយវិស័យឯកជន ដើម្បីផ្សារភ្ជាប់ទីផ្សារស្រូវសែនក្រអូប ០១ និងស្រង៉ែស្រាល ដែលមានតម្រូវការខ្ពស់លើទីផ្សារ។ សហគមន៍ គ្រោងនឹងចាប់ផ្តើមដាំដុះស្រូវរដូវថ្មីលើផ្ទៃដីចំនួន ៥,០០០ ហិកតា ដែលបណ្តាលមកពីការចូលរួមរបស់កសិករ ១៧៨ គ្រួសារ។ ការដាំដុះនឹងបន្តធ្វើទៅដោយមានការគាំទ្រផ្នែកទុនផលិតកម្ម បច្ចេកទេស និងទីផ្សារជាស្រេច តាមរយៈយន្តការសហគមន៍កសិកម្មទំនើប។

ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យសហគមន៍សហការជាមួយក្រសួង ធនាគារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យលទ្ធភាពស្នើសុំគ្រប់គ្រងស្ថានីយបូមទឹករបស់រដ្ឋ សម្រួលដល់ការធានាបាននូវទឹកស្រោចស្រពគ្រប់គ្រាន់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម។ ដំណោះស្រាយយូរអង្វែង និងអភិរក្សធនធាន ក៏ត្រូវបានឯកឧត្តមផ្តោតសំខាន់ ដោយបានណែនាំឲ្យមានការសិក្សាលើការថែទាំ និងជួសជុលឧបករណ៍ឲ្យប្រើបានយូរអង្វែង ដើម្បីរួមចំណែកអភិរក្សធនធាន និងកាត់បន្ថយចំណាយមិនចាំបាច់។

ជាចុងបញ្ជប់ ឯកឧត្តម បានលើកទឹកចិត្តសហគមន៍ ឲ្យបន្តអភិវឌ្ឍទំនុកចិត្តរវាងសមាជិក និងសហការជាមួយវិស័យឯកជនជាស្មោះត្រង់ ដើម្បីរក្សាសាមគ្គីភាព តម្លាភាព និងអភិរក្សផលប្រយោជន៍រួម។ ក្រសួងកសិកម្មនឹងបន្តគាំទ្រសហគមន៍ឲ្យរីកចម្រើន មានសមត្ថភាពប្រកបដោយនិរន្តរភាពក្នុងអនាគត៕

អត្ថបទ៖ កំពង់ធំ

Share.