ប៉ុន្មានថ្ងៃមកនេះអ្នកប្រើប្រាស់បណ្ដាញសង្គមបានកត់សម្គាល់ភិនភាគស្ត្រីចាស់ថៃម្នាក់ធ្វើសកម្មភាពស្រែកឡូឡាអនាចាររករឿងពលរដ្ឋខ្មែរនៅប្រាសាទតាមាន់ធំដោយគ្មានទាហានថៃណាម្នាក់ចេញមុខហាមឃាត់ពួកគេដូចគឃ្លើនមកហាមឃាត់ភ្ញៀវទេសចរខ្មែរ ហើយថែមទាំងបណ្ដោយឱ្យស្ត្រីចាស់រូបនេះបង្ករឿងចលាចលនៅប្រាសាទតាក្របីទៀតនោះ តាមការពិតនាងគឺក្រុមគាំទ្ររាជានិយមជ្រុលនៅប្រទេសថៃដែលតែងតែចេញមុខដឹកនាំបាតុកម្មកន្លងមកនេះ។ តើអ្នកណាឱ្យប្រាកដជាអ្នកលេងល្បិច បង្កចលាចលនៅប្រាសាទខ្មែរឱ្យពិតប្រាកដទៅ?

អ្នកទេសចរទៅលេងប្រាសាទតាមាន់ធំ តាក្របី សុទ្ធតែជាពលរដ្ឋធម្មតា តែភាគីថៃយកសុទ្ធតែមេដឹកនាំបាតុកម្មមកបង្កប់ខ្លួន និងធ្វើសកម្មភាពសព្វគ្រប់បែបយ៉ាងដើម្បីឱ្យកម្ពុជាអស់ការអត់ធ្មត់ ប៉ុន្តែកម្ពុជានៅតែស្ដាប់បទបញ្ជានិងរក្សាបានភាពថ្លៃថ្នូរមិនចាញ់កលល្បិចថៃនោះឡើយ។
ចំពោះសាវតាពិតរបស់មេដឹកនាំបាតុកររូបនេះ មានរហស្សនាមហៅថា ប៉ាអយុធ្យា ឬឈ្មោះពិតនាង កល្យានី ជាស្ត្រីវ័យកណ្ដាលចន្លោះអាយុ ៥០-៦០ឆ្នាំ ជាប្រជាជនរស់នៅខេត្តអយុធ្យា មានមុខរបរជាអ្នកលក់ម្ហូបអាហារ។ ស្ត្រីរូបនេះរមែងបង្ហាញខ្លួនគ្រប់សកម្មភាពពាក់ព័ន្ធនឹងរឿងនយោបាយនៅប្រទេសថៃ គឺនាងតែងតែមានមុខដឹកនាំក្រុមបាតុករដែលជាក្រុមគាំទ្ររាជានិយមជ្រុលនៅប្រទេសថៃ ដោយភ្ជាប់សកម្មភាពនយោបាយជានិច្ច ដើម្បីយកប្រជាប្រិយភាព។
ចាប់តាំងពីកម្ពុជា និងថៃ មានវិវាទនៅតំបន់មុំ៣ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ស្ត្រីចាស់រូបនេះបានធ្វើសកម្មភាពជ្រុលវង្វេងទិសជាច្រើនដូចជាករណីបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យជនជាតិខ្លួន និងក្រុមអ្នកសារព័ត៌មានថៃផ្សព្វផ្សាយបន្តយ៉ាងភ្លូកទឹកភ្លូកដីជាដើម។ បើតាមការសង្កេតជាក់ស្ដែង នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ សារព័ត៌មានថៃ TOP NEWS Online ចេញផ្សាយថា ស្ត្រីរូបនេះបានអុជធូប ដុតអំបិល ដុតម្ទេស លើដៃបវារណាព្រះបាទសូរ្យវម៌្មទី១ដាក់ទំនាសម្ដេចតេជោ។ល។

យ៉ាងណាមិញ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ស្ត្រីថៃរូបនេះបានបង្ហោះសកម្មភាពនៅលើហ្វេសប៊ុក ឡើងទៅប្រាសាទតាក្របីហើយបានអុជធូបធ្វើពិធី ដោយយកឈាមឆ្កែខ្មៅទៅស្រោចនៅដើមឈើ និយាយដាក់ទំនាយសម្ដេច ហ៊ុន សែន ដោយសេរីគ្មានទាហានថៃណាម្នាក់ហាមឃាត់ទង្វើអសីលធម៌បែបបាតសង្គមនេះទាល់តែសោះ។ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ សារព័ត៌មានថៃ Khaosod បានចេញផ្សាយថា ស្ត្រីចាស់រូបនេះបានស្រែកឡូឡាយ៉ាងអនាចាររករឿងពលរដ្ឋខ្មែរនៅប្រាសាទតាមាន់ធំ ជាពិសេសស្រែកហៅ នរោត្តម ផែន ម៉ូនីកា ដែលធ្លាប់លើដៃចង្អុលមុខទាហានថៃដោយមិនញញើត ឱ្យចេញមុខមកតទល់ជាមួយខ្លួន។

ជារួមមកវិញ ករណីខាងលើនេះបានបញ្ជាក់ឱ្យច្បាស់ថា ជនជាតិថៃដែលតាំងខ្លួនគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែបែរប្រព្រឹត្តិទង្វើគ្មានសីលធម៌ហើយតែងតែបង្ករឿងដាក់ភ្ញៀវទេសចរខ្មែរដែលទៅកម្សាន្តនៅប្រាសាទតាមាន់ធំយ៉ាងពេញទំហឹង។ ទាំងនេះសបញ្ជាក់ពីការឆ្កឹះឆ្កៀល និងរករឿងលើពលរដ្ឋខ្មែរ ក្នុងចេតនាអាក្រក់ញុះញង់ឱ្យមានការប៉ះទង្គិចគ្នា។ ទង្វើបែបនេះ ប្រាកដណាស់មិនអាចលាក់ភ្នែកអន្តរជាតិមិនឱ្យឃើញពីចរឹតពិតរបស់ជនជាតិថៃ ដែលជាជនជាតិមួយចូលចិត្តបង្កជម្លោះជាមួយអ្នកជិតខាងខ្លួន ហើយស្រែកប្រកាសថាខ្លួនជាជនរងគ្រោះទៅវិញ៕

