បន្ទាប់ពីចោទថ្នាក់ដឹកនាំកម្ពុជាថា បានលូកដៃចូលផ្ទៃក្នុងរបស់ខ្លួន ថៃបានប្រើល្បិចឈឺសាច់ បញ្ជូនទាហានខ្លួនឱ្យប្រថុយដើរកាត់ព្រៃមីន រហូតជាន់ផ្ទុះដាច់ជើងម្នាក់ និងរបួសស្រាល២នាក់ ហើយចោទ ទាំងគ្មានមូលដ្ឋានមកលើកម្ពុជាថា បានដាក់មីនរំលោភច្បាប់អន្តរជាតិ ដោយមិនខ្មាសមាត់បន្តិចសោះ។ លើសពីនេះ មិនទាន់នឹងបើកការស្រាវជ្រាវជាក់លាក់ផង គេបានប្រកាសដាក់មេក្រូអ្នកកាសែតថា នឹងរៀបចំឯកសារប្ដឹងករណីនេះទៅអង្គការសហប្រជាជាតិ។ ចុះកន្លងមក ថៃខ្លួនឯង តែងប្រកាសទាត់ចោលយុត្តាធិការ របស់ស្ថាប័នកំពូលមួយ នៃអង្គការសហប្រជាជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ (IJC) ឥឡូវបែរជារត់ទៅរកយន្តការច្បាប់របស់អង្គការមួយនេះវិញ។ នេះជាចរិតប្រុសមិនប្រុស ស្រីមិនស្រី ត្រឡប់ត្រឡិនមិនចេះចាំដានខ្លួនឯង។ ម្លោះហើយឥឡូវនេះ កំពុងតែដេកព្រួយខ្លាច ស្ថាប័នអន្តរជាតិទាត់សំណុំរឿងខ្លួនក្រវាត់ចោល នោះកម្ពុជាអាចវាយបកវិញ ហើយថៃនឹងបាត់បង់ភាពជឿជាក់។ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃណាត់ថាផន ណាក់ផានិត (Nattapol Nakphanit) និយាយថា “ប្រសិនបើយើងមិនរៀបចំសំណុំរឿងឱ្យបានហ្មត់ចត់និងដាក់ភស្តុតាងច្បាស់ៗទេនោះ តុលាការអន្តរជាតិនឹងមិនទទួលយកពាក្យបណ្តឹងឡើយ ហើយសំណុំរឿងនឹងត្រូវទម្លាក់ចោល”។ លោកលើកឡើងទាំងបារម្ភបែបនេះ ទៅកាន់អ្នកសារព័ត៌មានថៃនៅថ្ងៃចន្ទទី ២១ ខែកក្កដា ឆ្នាំ២០២៥ស្របពេលថៃកំពុងរៀបចំឯកសារដើម្បីប្តឹងកម្ពុជាទៅស្ថាប័នអន្តរជាតិដោយចោទមកលើកម្ពុជា ថាជាអ្នកដាក់មីនថ្មីរំលោភអនុសញ្ញាទីក្រុងអូតាវ៉ាបណ្ដាលឱ្យទាហានខ្លួន៣នាក់របួសក្នុងនោះម្នាក់របួសធ្ងន់ត្រូវដាច់ជើង។

ជាការឆ្លើយតបទៅវិញ ក្រសួងការពារជាតិកម្ពុជាបានរំឭកថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

ចុះបើដឹងហើយ ឮហើយ ហេតុអ្វីបានជាមេដឹកនាំទាហានថៃ នៅតែបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ រហូតដល់កើតឧបទ្ទវហេតុផ្ទុះមីនដាច់ជើងបែបនេះ? ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។

ពាក់ព័ន្ធរឿងទាហានថៃដើរល្មើសតម្រាយផ្លូវល្បាត រហូតជាន់មីនដាច់ជើង ថ្នាក់ដឹកនាំទាហានថៃនិយាយបញ្ច្រាសគ្នា ច្របូកច្របល់យកជាផ្លូវការមិនបានសោះ។ ឧបត្តិហេតុកើតឡើងនៅថ្ងៃទី ១៦ កក្កដា ដល់ថ្ងៃទី ១៨ កក្កដា លោក ណាត់ថាផន រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃស្នើឱ្យកម្ពុជាដោះមីនចាស់ៗនៅតាមបណ្ដោយព្រំដែនឱ្យអស់។ ប្រមាណជាម្ង៉ៃក្រោយ ស្រាប់តែថ្នាក់ក្រោមលោក គឺមេភូមិភាគ២ថៃ លោកឧត្តមសេនីយ៍ ប៊ូនស៊ីន ផាដក្លាង អះអាងថា មីនដែលទាហានខ្លួនជាន់នោះជាមីនថ្មី។

ប្រធានអង្គភាពជំនាញដោះមីនកម្ពុជា បានដាក់ចំណោទថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនជាក្នុងទឹកដីថៃមែននោះ ដូច្នេះករណីគ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់។ ឯកឧត្តម ហេង រតនា បន្តឱ្យទៅពិនិត្យមើលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិ ត្រង់មាត្រាទី៥ មានចែងច្បាស់ថា បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ។

ឯកឧត្តមបានកត់សម្គាល់ថា ជាក់ស្តែងឃើញមានរូបភាពតាមប្រព័ន្ធសង្គមជាច្រើននៅខាងប្រទេសថៃ បានធ្វើការផ្សព្វផ្សាយរូបភាព នៃសកម្មភាពទាហានថៃសម្រុកដាក់មីនថ្មីៗ តាមព្រំដែន កម្ពុជា-ថៃ។ តើរដ្ឋបាលថៃ និងអង្គការដោះមីនថៃមានចាត់វិធានការស៊ើបអង្កេត ឬនៅ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសខ្លួន ឱ្យចាត់វិធានការទប់ស្កាត់ ឬនៅ?

ប្រធានអង្គភាពដោះមីនកម្ពុជា បានពន្យុះឱ្យថៃ លើកករណីនេះប្តឹង ទៅអង្គការសហប្រជាជាតិ ដោយថា វាពិតជាល្អហើយ ដូច្នេះគួរតែដឹកដៃទៅតុលការយុត្តិធម៌ អន្តរជាតិ (ICJ) តែម្ដងចុះ ព្រោះថា ICJ ជាស្ថាប័នកំពូលមួយរបស់អង្គការសហប្រជាជាតិស្រាប់។

ប្រវត្តិសាស្ត្រកម្ពុជាបាន សបញ្ជាក់ថា កម្ពុជារងគ្រោះ យ៉ាងខ្លោចផ្សា ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមរាប់ទសវត្សកន្លងទៅ។ ហើយបច្ចុប្បន្ន កម្ពុជាខិតខំប្រឹងប្រែងណាស់ ទាំងក្នុងក្របខណ្ឌប្រទេស និងយន្តការអន្តរជាតិ ដើម្បីបោសសម្អាតផ្ទៃដីរបស់ខ្លួន ឱ្យមានសុវត្ថិភាព។ ជាក់ស្ដែង សង្គ្រាមផ្ទៃក្នុងជិត៣ទសវត្ស គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ចំនួនប្រមាណ ៤-៦ លានគ្រាប់។ ហើយគិតមកដល់ពេលនេះកម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង ១លាន ២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស សម្រាប់បម្រើសុខសុវត្ថិភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសឡើងវិញ។ ម្យ៉ាងទៀត គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង ៤លាន៤សែន ៦ម៉ឺនគ្រាប់។ នេះបើយោងតាមរបាយការណ៍ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា។

ដូច្នេះកម្ពុជា បច្ចុប្បន្ន គឺជាប្រទេសដោះមីន មិនមែនជាប្រទេសដាក់មីននោះទេ។ ហើយកម្ពុជាក៏គ្មានហេតុផលណាមួយត្រូវដើរដាក់មីនថ្មីនោះដែរ។

ដោយមើលឃើញថា ខាងប្រទេសថៃនៅតែបន្តចេញ សេចក្តីថ្លែងការណ៍ ដែលមិនមានការទទួលខុសត្រូវ និងបំភ័ន្តមតិ ដោយអះអាងថាខ្លួនបានបោសសម្អាតមីននៅតំបន់ដែលទាហានថៃរងរបួស ដោយសារការផ្ទុះមីន ទាំងការពិត ទាហានកម្ពុជានៅតែឈរជើងក្នុងតំបន់នោះដដែល ហើយក៏មិនដែលមានសកម្មភាពដោះមីនកើតឡើងដូចការអះអាង របស់ថៃនោះទេ ព្រោះថាតំបន់នេះស្ថិតនៅក្នុងទឹកដីកម្ពុជា។ ក្រសួងការបរទេសកម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ហើយចាត់វិធានការឱ្យបានសមស្របដើម្បី កែតម្រូវការនិយាយមិនពិតរបស់ខ្លួន។

ក្រសួងការបរទេសកម្ពុជា បានជំរុញឲ្យថៃចូលរួមដោះស្រាយតាមយន្តការច្បាប់អន្តរជាតិដើម្បីបញ្ចប់វិវាទ ជាជាងអួតតែមាត់ តែចិត្តមិនចង់។

វិធីសាស្ដ្របៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្ដ្រ ដែលមានសីលធម៌ និងសុចរិតភាពនោះទេ។ វិធីសាស្ដ្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នា និងគ្នា។ នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងដូច្នេះ នៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេច នាព្រឹកថ្ងៃ អង្គារ ទី ២២ កក្កដានេះ។

នៅក្នុងអត្ថបទវិភាគរបស់លោក បណ្ឌិត ទូច សុឃៈ (សុខៈ) លោកលើកឡើងថា «ការប្រជែងអំណាចនយោបាយ» លោកថាក់ស៊ីន និងកងទ័ពថៃប្រើឧបទ្ទវហេតុជាន់មីន ជាឧបករណ៍ ដើម្បីទាញយកប្រយោជន៍នយោបាយ និងបង្ហាញអំណាចលើគ្នាទៅវិញទៅមក។ នេះជាការប្រមាថជីវិតពលទាហានខ្លួន។

«ការប្រើប្រាស់ជីវិតទាហានជាដើមទុនក្នុងល្បែងនយោបាយ» កងទ័ពថៃអាចនឹងប្រើល្បិចសាច់កម្មឬយុទ្ធសាស្ត្របញ្ជូនទាហានខ្លួនចូលតំបន់គ្រោះថ្នាក់ គឺតំបន់មានសេសសល់មីនចាស់ៗ ពីសម័យសង្គ្រាម ក្នុងដែនដីកម្ពុជា ដើម្បីបង្កហេតុ ឬបម្រើផែនការយុទ្ធសាស្ត្រឱ្យតែឈ្នះ ដោយមិនខ្វល់ខ្លាចការបាត់បង់ជីវិតទាហាន។

លោកបណ្ឌិតក៏បាន បញ្ជាក់ផងដែរថា ទាំងថាក់ស៊ីន និងកងទ័ពថៃបង្ហាញបំណងប្តឹងទៅ UN ឬ ICJ ដើម្បីបម្រើផលប្រយោជន៍រៀងៗខ្លួន ប៉ុន្តែអាចជាលេសសម្លាប់ដៃគូនយោបាយ ឬវាតទីឥទ្ធិពល យកចិត្តយកថ្លើមពលរដ្ឋខ្លួនប៉ុណ្ណោះ បើថៃមានបំណងចង់ទៅ UN ឬ ICJ ដោះស្រាយ ច្បាស់ជាព្រមទទួលយកសំណើពីរាជរដ្ឋាភិបាលកម្ពុជាតាំងពីដំបូងមកម្ល៉េះ។ ឬមួយការដណ្ដើមគ្នាប្ដឹងទៅអង្គការសហប្រជាជាតិនេះ ជាសញ្ញាណចង់ទទួលស្គាល់តុលាការICJ តែពួកខ្លួនមិនហ៊ាននិយាយឱ្យចំនៅលិបលៗ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានភាគីថៃ កុំឱ្យបំពានបន្ទាត់ក្រហម។ កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។ កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហិង្សា ឱ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។

ចំពោះសកម្មភាពឯកតោភាគីរបស់ លើតំបន់មិនទាន់ដាច់ស្រេច សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាសង្កត់ធ្ងន់ថា តំបន់ ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន៕

Share.