ជនជាតិវៀតណាមសរុបចំនួន ១៦១នាក់ ក្នុងនោះមានស្រី២៨នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

ជនជាតិវៀតណាមទាំង ១៦១ នាក់នេះ ត្រូវបានបណ្ដេញចេញ ដោយសារជាប់ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា, ក្នុងនោះមានមួយចំនួនបានអនុវត្តទោសចប់ ពាក់ព័ន្ធនឹងការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងមួយចំនួនទៀត លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ជនជាតិវៀតណាមដែលត្រូវបណ្ដេញចេញទាំងនោះ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីមណ្ឌលអប់រំកែប្រែទី២ នៃអគ្គនាយកដ្ឋានពន្ធនាគារ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការនគរបាលរាជធានីភ្នំពេញ។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អនុវត្តភារកិច្ចនេះដោយម៉ឺងម៉ាត់ ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម និងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍៕

Share.