វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា​ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញពីអង្គការ UNESCO ជាលើកទី២ បន្ទាប់ពីអតីតរដ្ឋបាលលោក ចូ បៃដិន បានសម្រេចចិត្តចូលអង្គការយូណេស្កូ វិញកាលពីខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥។

ការដកខ្លួនចេញពីអង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស នេះគឺ បន្ទាប់ពីរកឃើញថា អង្គការយូណេស្កូ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការរីកសាយនៃវេហាសាស្រ្តប្រឆាំងអ៉ឺស្រាអែលនៅក្នុងអង្គការ។

លើសពីនេះ អាមេរិក បានចោទអង្គការមួយនេះថា បានធ្វើការជំរុញបុព្វហេតុសង្គមនិងវប្បធម៌ ដែលបែកបាក់គ្នា ព្រមទាំងលើកឡើងពីការចំណាយខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន និងតម្រូវការដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងអង្គការនេះ។

យ៉ាងណាការសម្រេចចិត្តមិនចូលរួមដើរផ្លូវជាមួយអង្គការ យូណេស្កូ របស់់អាមេរិក នឹងប៉ះពាល់ដល់អង្គការដែលត្រូវបានគេស្គាល់ថាជា អង្គការសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ឬហៅថា UNESCO ដែលទទួលស្គាល់ទីតាំងសំខាន់ៗដែលមានអរិយធម៌ដ៏យូរលង់ ព្រោះថា អាមេរិកជាអ្នករួមចំណែកដល់ការទ្រទ្រង់ថវិការដ៏ធំបំផុតមួយដល់ស្ថាប័ននេះ។

សូមជម្រាបថា អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដើម្បីលើកកម្ពស់សន្តិភាពតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៅលើពិភពលោក៕

ប្រភព៖ AP News

Share.