ប៉ៃលិន÷ អភិបាលខេត្តប៉ៃលិន បានណែនាំឲ្យអាជ្ញាធរ កងកម្លាំង ម្ចាស់ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ផ្ទះជួល រួមសហការគ្នាឲ្យបានល្អដើម្បីគ្រប់គ្រងវត្តមានជនបរទេសចូលរួមយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online។


នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស និងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រវាងម្ចាស់ និងអ្នកគ្រប់គ្រងខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងដោយស្នើសុំដោយណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ ត្រូវមានកិច្ចសហការរួមគ្នាឱ្យបានស្អិតរមួតសំដៅគ្រប់គ្រងវត្តមាន ជនបរទេសធានាឲ្យបានថាជនបរទេសស្នាក់នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនទាំងអស់សុទ្ធសឹងតែជាជនដែលស្នាក់នៅដោយស្របច្បាប់ត្រឹមត្រូវមិនមានជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ ពិសេសជាប់ពាក់ព័ន្ធការឆបោកតាមប្រព័ន្បច្ចេកវិទ្យា Scams Online។


កន្លងមកក៏ដូចជាចំពោះមុខអាជ្ញាធរខេត្តប៉ៃលិន ពិតជាគាំទ្រលើការធ្វើអាជីវកម្មរបស់បងប្អូន ដោយមិនចង់ឃើញម្ចាស់ធ្វើអាជីកម្មទាំងឡាយអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងបើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online ឬលាក់ទុកជនបរទេសដោយជ្រកកោនមិនស្របច្បាប់នោះដែរ។



លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា÷ ដើម្បីធានាថាម្ចាស់ធ្វើអាជីវកម្ម អ្នកគ្រប់គ្រងខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ដរាបណាពេលមានជនបរទេសមកជួលស្នាក់អាស្រ័យត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេស ទាំងអ្នកស្នាក់នៅចាស់ អ្នកចំណូលថ្មី ព្រមទាំងធ្វើបែបបទគ្រប់គ្រងរដ្ឋបាល ជាមួយអាជ្ញាធរ ដែលមានកិច្ចសន្យាច្បាស់លាស់ ថាតើជនបរទេសទាំងនោះស្នាក់នៅប៉ុន្មាននាក់ និងរយ:ពេលប៉ុន្មានថ្ងៃ ក្នុងករណីមិនអនុវត្តតាមការណែនាំទេ នោះនៅពេលមានបញ្ហាគឺម្ចាស់អាជីវកម្មជួលនោះត្រូវប្រឈមមុខចំពោះមុខច្បាប់ជាក់ជាមិនខាន៕
អត្ថបទ: ដំបងក្រញូង

