យោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod បានចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា នេះថា ស្រ្តីជនជាតិថៃ ប្រកបរបរម៉ាស្សានៅទីក្រុងប៉ាតាយ៉ា ម្នាក់ បានរងការរិះគន់ឥតសំច្ចៃមាត់ពីអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីគេបានបង្ហោះរូបភាពនាង ជាមួយនឹង Caption បែបអវិជ្ជមាន និងប្រើពាក្យសម្ដីធ្ងន់ៗ ដោយចោទថា ស្រ្តីរូបនេះគឺជាស្រ្តីខ្មែរ ដែលហ៊ានស្រែកប្រកែកជាមួយទាហានថៃនៅប្រាសាទតាមាន់ធំ ថា «តើថៃប្រាកដទេថា ជារបស់ថៃ» កាលពីពេលថ្មីៗនេះ ទាំងដែលការពិតសាម៉ីខ្លួនមិនបានដឹងរឿងអ្វីទាល់តែសោះ។

ស្រ្តីជនជាតិថៃរូបនេះ មានអាយុ ២៤ឆ្នាំ មកពីខេត្ត Ubon Ratchathani ដោយបានចេញមកបញ្ជាក់ច្បាស់ៗថា ខ្លួនជាជនជាតិថៃ ១០០% មិនអាចនិយាយភាសាខ្មែរបានឡើយ ហើយក៏មិនបានពាក់ព័ន្ធអ្វីនឹងហេតុការណ៍ដែលបានកើតឡើងនៅប្រាសាទតាមាន់ធំនោះដូចគ្នា។

ស្រ្តីដដែលបានបន្ដថា ដើម្បីជាការឆ្លើយតបនាងបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលីសក្រុងប៉ាតាយ៉ា ដើម្បីស្នើឱ្យមានវិធានការច្បាប់ ចំពោះអ្នកបង្ហោះ និងចែករំលែករូបភាពអមជាមួយនឹងពាក្យជេរប្រមាថរូបនាងដោយគ្មានការអនុញ្ញាត។ នាងបន្ដថា ការចែករំលែកព័ត៌មានមិនពិត ឬការយល់ច្រឡំនេះ បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងជីវិតការងាររបស់នាងយ៉ាងខ្លាំង។

យ៉ាងណាម៉ិញ ការភ័ន្ដច្រឡំលើស្រ្តីរូបនេះ បានកើតឡើងក្រោយធ្លាយវិដេអូស្រែកប្រកែកគ្នារវាងស្រ្តីម្នាក់ និងទាហានឈុតខ្មៅដែលឈរជើងនៅប្រាសាទតាមាន់ធំកាលពីសប្ដាហ៍មុន ហើយមានគេហទំព័រមួយបានយករូបភាពស្រ្តីម៉ាស្សានេះបង្ហោះ ជាហេតុធ្វើឱ្យប្រជាជនថៃមួយចំនួនមានការយល់ច្រឡំ៕

ប្រភព៖ Khaosod

Share.