

យោតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ពោលរយៈពេល ២៩ ថ្ងៃ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ១៣៨ ទីតាំង និងឃាត់ខ្លួនជនសង្ស័យសរុប ៣ ០៧៥ នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅ១៧រាជធានីខេត្តរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី ប៉ៃលិន តាកែវ ស្វាយរៀង សៀមរាប និងត្បូងឃ្មុំ។
នៅក្នុងប្រតិបត្តិការបោសសម្អាតជាទ្រង់ទ្រាយធំនេះ សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិវៀតណាម សរុប ១៥៣នាក់, ស្រី១៨នាក់ នៅទីតាំងមួយកន្លែងក្នុងខេត្តពោធិ៍សាត់។
សតម្ថកិច្ចឃាត់ខ្លួនជនសង្ស័យ នៅអំឡុងពេលប្រតិបត្តកាបានសរុបចំនួន ៣ ០៧៥ នាក់, ស្រី ៦០៦នាក់ ក្នុងនោះជនជាតិចិន មានចំនួនច្រើនជាងគេ គឺ ១,០២៨នាក់(ស្រី ៨៩នាក់), វៀតណាម ៦៩៣នាក់(ស្រី ១៩០នាក់), ជនជាតិឥណ្ឌូនេស៊ី ៣៦៦នាក់(ស្រី ៧០), ឥណ្ឌា ១០៥នាក់(ស្រី ៩នាក់), បង់ក្លាដេស ១០១នាក់(ស្រី ២៧នាក់), ថៃ ៨២នាក់(ស្រី ១៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់), ប៉ាគីស្ថាន ៨១នាក់(ស្រី ៣នាក់), នេប៉ាល់ ១៣នាក់ ម៉ាឡេស៊ី ៤នាក់ និងជនជាតិផ្សេងៗទៀត ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលីរុស្ស៊ី មីយ៉ាន់ម៉ា ជាដើម។
សមត្ថកិច្ចបាន ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជា កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរសព្ទ ថ្នាំញៀន ជញ្ជីងថ្លឹងគ្រឿងញៀន-ប្រអប់ដាក់គ្រឿងញៀន សម្ភារឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។
ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី។
ដោយឡែក មត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ ក្នុងនោះ តុលាការបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នមេក្លោងចំនួន ៨នាក់។ ជាមួយគ្នានេះ ជនជាតិចិនចំនួន ១៧នាក់, ស្រី ២នាក់ ត្រូវបញ្ជូនទៅស្នាក់ការត្រៀមបណ្ដេញចេញប្រចាំខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅប្រទេសសាមីផងដែរ។ ចំណែកឯ វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត។
គួរបញ្ជាក់ផងដែរថា កាលពី អំឡុងពាក់កណ្ដាលខែ កក្កដានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី បានដាក់បទបញ្ជាទៅរដ្ឋបាលរាជធានី ខេត្តត្រូវទប់ស្កាត់ឱ្យបាន និងបោសសម្អាតបទល្មើសឆបោកអនឡាញឱ្យអស់ពីដែនដីរបស់ខ្លួន។ បទបញ្ជានេះក៏បានសង្កត់ធ្ងន់ផងដែរថា ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង៕







