ភ្នំពេញ៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបករណីគ្រឿងញៀន (កញ្ឆាក្រៀម) នៅចំណុចស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាជនជាតិម៉ាឡេស៊ី។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអបសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅពេលចាប់ខ្លួនសមត្ថកិច្ចជំនាញដកហូតបាន កញ្ឆាក្រៀម ទម្ងន់៦១,៨៧៦ក្រាម ដែលជនសង្ស័យ បានដាក់នៅក្នុងវាលីចំនួន៤ក្នុងគោលបំណងដឹកចេញពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហុងកុង ប្រទេសចិន និងបន្តទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៦នាក់ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការ តាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្ន តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនបរទេស ទាំង៦នាក់ខាងលើ និងបក្ខពួកពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

Share.