តុលាការយោធាកំពូលថៃ កាលពីថ្ងៃអង្គារ នេះ បានចេញសាលក្រមចុងក្រោយ លើការស្លាប់របស់នាយទាហាន Phakaphong Tanyakan ដែលគេស្គាល់ឈ្មោះហៅក្រៅថា «Mei» ដែលទទួលមរណភាពនៅឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានរៀមច្បង ២នាក់ដាក់ទណ្ឌកម្ម និងវាយដំនៅសាលាត្រៀមកងកម្លាំងប្រដាប់អាវុធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

តុលាការ​បាន​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង ២នាក់​ ឱ្យ​ជាប់​ពន្ធនាគារ ដោយ​ម្នាក់ៗ ត្រូវជាប់ពន្ធនាគាររយៈពេល ៤ខែ និង ១៦ថ្ងៃ និង​ពិន័យ​ជា​ប្រាក់ចំនួន ១៥.០០០ បាត រួមទាំងទោសដាក់ពន្ធនាគារត្រូវបានព្យួររយៈពេល ២ឆ្នាំថែមទៀត។

ទាហាន​ជាន់​ខ្ពស់ ២​រូប​នេះ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ត្រឹម​តែ​ឈ្មោះ Pipat និង Phumipat។ តុលាការ​បាន​លើក​ឡើង​ពី​កង្វះខាត​នៃ​បទល្មើស​ពីមុន​របស់​ជនជាប់ចោទ ហើយ​បាន​និយាយ​ថា​ ការ​ដាក់​ទោស​ពួកគេ​បន្ថែម​ទៀត​ នឹង​មិន​មាន​គោលបំណង​មាន​ប្រយោជន៍​អ្វី​ឡើយ។ បើយោងតាមតុលាការយោធា ការអនុញ្ញាតឱ្យពួកគេបន្ដបម្រើប្រទេស នឹងមានអត្ថប្រយោជន៍ច្រើនជាង។

ជនរងគ្រោះដែលជាកូនសិស្សទាហាន បានទទួលមរណភាពនៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៧ បន្ទាប់ពីត្រូវទាហានដែលជារៀមច្បង ដាក់ទណ្ឌកម្មវិន័យដែលអនុវត្តដោយ Pipat និង Phumipat ប៉ុន្តែព័ត៌មានលម្អិតត្រូវបានទុកចោល ហើយអាថ៌កំបាំងជុំវិញការស្លាប់របស់ជនរងគ្រោះ បានធ្វើឱ្យមានការចលាចលជាសាធារណៈ។

ក្រុមគ្រួសារជនរងគ្រោះ ​បាន​ដាក់​ពាក្យ​ប្ដឹង​អតីត​ទាហាន​ទាំង ​២នាក់ខាងលើនេះ ​ពី​បទ​វាយ​ដំ​រហូត​ដល់​ស្លាប់ និង​ប្រឆាំង​គ្រូ​បង្រៀន​ម្នាក់ ​ពី​បទ​ធ្វេសប្រហែស​បណ្ដាលឱ្យ​ស្លាប់។ ដោយសារតែជនជាប់ចោទជា​មន្ត្រី​យោធា ហើយឧប្បត្តិហេតុបានកើតឡើងនៅក្នុងយុត្តាធិការយោធា សំណុំរឿងនេះត្រូវបានកាត់ទោសនៅក្នុងប្រព័ន្ធតុលាការយោធា។

សំណុំរឿងនេះ ត្រូវបានបើកសវនាការដំបូងនៅក្នុងតុលាការយោធានៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ តុលាការបានសំរេចផ្អាកការកាត់ទោសចំពោះទាហានជាន់ខ្ពស់ទាំង ២នាក់ ក្រោមការចោទប្រកាន់ពីបទបង្ករបួសស្នាម។ ការចោទប្រកាន់ផ្សេងទៀតត្រូវបានច្រានចោលដោយអ្នកស៊ើបអង្កេត និងព្រះរាជអាជ្ញាមួយចំនួន ដោយសារតែខ្វះសាក្សីគ្រប់គ្រាន់។

កាលពីខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍បានតម្កល់ផ្នែកខ្លះនៃសេចក្តីសម្រេចរបស់តុលាការជាន់ទាប។

យ៉ាងណាពេលនេះ តុលាការយោធាកំពូលបានចេញសេចក្តីសម្រេចច្បាស់លាស់ ដោយរកឃើញថា ចុងចោទទាំង២ មានពិរុទ្ធភាពលើការចោទប្រកាន់ពីបទបង្ករបួសស្នាម និងផ្តន្ទាទោសទាហានម្នាក់ពីបទរំលោភលើដីកា។

ថ្លែង​បន្ទាប់​ពី​ការ​កាត់​ក្តី​ចុង​ក្រោយ​របស់​តុលាការ ម្តាយ​របស់​នាយទាហានដែល​បាន​ស្លាប់ ​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង។ លោកស្រី បានលើកឡើងនូវសំណួរថា បើជាសិស្សធម្មតា ឬជាជនស៊ីវិល យើងប្រហែលជាអាចយល់បាន ប៉ុន្ដែទាំងនេះគឺសុទ្ធសឹងតែជាទាហានជាន់ខ្ពស់នៅក្នុងតំណែងបញ្ជាការ បុគ្គលដែលរំពឹងថា នឹងគោរពច្បាប់ ប៉ុន្តែពួកគេជាអ្នករំលោភលើច្បាប់។ នោះបង្កើតជាសំណួរថា តើពួកគេពិតជាអាចធ្វើអ្វីបាន សម្រាប់ប្រទេសជាតិនាពេលអនាគត? ហើយ​តើ​យើង​អាច​ទុក​ចិត្ត​មន្ត្រី​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​បែប​នេះ ​ដើម្បី​បំពេញ​តួនាទី​ជា​ប្រយោជន៍​ជាតិ​បាន​យ៉ាង​ណា»?។ លោកស្រីបន្ដថា គ្រួសាររបស់យើងមិនដែលមានជំនឿលើពួកគេទេ មិនមែនចាប់តាំងពីកើតមានឧបទ្ទវហេតុនេះនោះទេ៕

ប្រភព៖ Bangkok Post

Share.