ត្បូងឃ្មុំ, អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានបើកពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំថ្មី ជាផ្លូវការ ដោយមានអធិបតីភាពពី ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។


លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ អតីតអនុប្រធានពន្ធនាគារព្រៃស ត្រូវបានតែងតាំងឡើងជាប្រធានថ្មី រក្សាទីតាំងជំនួស លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ដែលបានចូលនិវត្តន៍បន្ទាប់ពីបម្រើការងារជាង ៤០ឆ្នាំ ក្នុងវិស័យពន្ធនាគារ។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ គ្រប់គ្រងពន្ធនាគារនៅខេត្តបាត់ដំបង កំពង់ធំ និងចុងក្រោយត្បូងឃ្មុំ។



បន្ទាប់ពីទទួលតំណែង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ បានឡើងធ្វើការប្តេជ្ញាចិត្ត គោរពនិងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុទ្ធនានា ពិសេសគោរពគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, ស្មោះស្ម័គ្រគោរពប្រតិបត្តិ តាមគោលការរបស់ក្រសួងមហាផ្ទៃ, រៀនសូត្រយកគំរូដឹកនាំគ្រប់គ្រងល្អៗ របស់ថ្នាក់ដឹកនាំពន្ធនាគារមុនៗគួបផ្សំជាមួយចំណេះដឹងបទពិសោធន៍ ផ្ទាល់ខ្លួនផងដែរ។



ក្នុងឪកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមអគ្គនាយក បានផ្តល់អនុសាសន៍ ណែនាំឲ្យមន្រ្តីគ្រប់ជំនាញត្រូវមានសាមគ្គីភាពក្នុងអង្គភាព និងអនុវត្តការងារដោយស្មោះត្រង់ ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃការគ្រប់គ្រងជនជាប់ឃុំ និងសន្តិសុខក្នុងពន្ធនាគារឱ្យកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ៖ អាចារ្យលាក់

