ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោមសង្ស័យជាប់ទាក់ទងនឹងបទឆបោកលើប្រជាពលរដ្ឋជាច្រើនរយនាក់ តាមរយៈការបង្កើតផេក Facebook និង Telegram ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid» ដែលបង្ហាញថាជាសេវាផ្ដល់បុគ្គលិកបម្រើការងារតាមផ្ទះ។

ជនសង្ស័យភេទប្រុសម្នាក់ អាយុ ៣៨ឆ្នាំ ត្រូវបានបង្រ្កាបនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប អ្នកជាប់សង្ស័យថា ជាម្ចាស់ផ្ទាល់នៃផេក «Easy-Maid» ដែលបានធ្វើការផ្សព្វផ្សាយដើម្បីបញ្ឆោតឱ្យជនរងគ្រោះជឿថា មានសេវាផ្តល់អ្នកបំរើតាមផ្ទះ ហើយតម្រូវឱ្យបង់ប្រាក់សេវាកម្មជាមុន ប៉ុន្តែមិនមានសេវាណាមួយផ្ទាល់ទៅដល់ជនរងគ្រោះនោះឡើយ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋានបានទទួលពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ប៉ុន្តែតាមរយៈការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យរូបនេះបានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និងទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារ ចាប់តាំងពីឆ្នាំ២០២២មកម្លេះ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាជាអ្នកបង្កើតផេក និងធ្វើសកម្មភាពឆបោកនោះ ដោយស្មើលុយពី ៣០០ ដល់ ២០០០ដុល្លារ ក្នុងមួយករណី។ ជាពិសេសជនសង្ស័យខាងលើក៍បានឆបោក បងប្អូនប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បី ផាស់អាប់ ឱ្យជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួកគាត់ផ្ទេរតាមរយៈភ្នាក់ងារផ្ទេរប្រាក់មកឱ្យគេវិញ។ បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសារជូនដំណឹងដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នជាថ្មីថា បច្ចេកវិទ្យាបានសម្រួលជីវិតជាច្រើនផ្នែក តែជនល្មើសក៏ឆ្លៀតឱកាសប្រើវា ដើម្បីបញ្ឆោតគេផ្សេងៗ។ សូមបងប្អូនប្រជាពលរដ្ឋកុំទទួលប្រាក់ជំនួសឱ្យអ្នកដទៃ តាមរយៈគណនី ឬប្រព័ន្ធដែលមិនច្បាស់ប្រភព ដើម្បីជៀសវាងការធ្វើអំពើជាសហការីឬជាសមាជិកក្នុងសកម្មភាពខុសច្បាប់៕

Share.