

ជនជាតិវៀតណាមសរុបចំនួន ២៦៦ នាក់ ក្នុងនោះមានស្រី ៤០ នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។
ជនជាតិវៀតណាមទាំង ២៦៦ នាក់នេះ ត្រូវបានបណ្ដេញចេញ ដោយសារជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ពួកគេទាំងនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ជនជាតិវៀតណាមទាំងនេះ ភាគច្រើន ទំនងជាជនរងគ្រោះ ដែលសមត្ថកិច្ចជួយសង្គ្រោះបាន ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអំឡុងពេលប្រមាណជិតពេញមួយខែកន្លងមកនេះ។
យោតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥ ពោលរយៈពេល ២៩ ថ្ងៃ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ១៣៨ ទីតាំង និងឃាត់ខ្លួនជនសង្ស័យសរុប ៣ ០៧៥ នាក់។
នៅក្នុងប្រតិបត្តិការបោសសម្អាតជាទ្រង់ទ្រាយធំនេះ សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិវៀតណាម សរុប ១៥៣ នាក់, ស្រី ១៨ នាក់ នៅទីតាំងមួយកន្លែងក្នុងខេត្តពោធិ៍សាត់។
សូមជម្រាបផងដែរ ថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ជនជាតិវៀតណាមសរុបចំនួន ១៦១នាក់ ក្នុងនោះមានស្រី២៨នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយសារជាប់ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា, ក្នុងនោះមានមួយចំនួនបានអនុវត្តទោសចប់ ពាក់ព័ន្ធនឹងការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងមួយចំនួនទៀត លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន៕

