ត្បូងឃ្មុំៈ រយៈពេលពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តត្បូងឃ្មុំ បានចុះអនុវត្តសកម្មភាពការងារ នៅកន្លែងផ្ទះជំងឺផ្តាសាយបក្សី ចំណុចភូមិបុស្សឫស្សី ឃុំដូនតី ស្រុកពញាក្រែក ។

លោក ស៊ីម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា យើងបានដឹកនាំមន្ត្រី ការិ. ប.ផ ចុះអនុវត្តសកម្មភាពការងារនៅកន្លែងចំណុចខាងលើ ។ ក្នុងនោះ ជាលទ្ធផលកម្លាំងបានបាញ់ថ្នាំសម្លាប់មេរោគបានចំនួន២១ខ្នងផ្ទះនិងតាមដងផ្លូវ៦០០ម បានផ្សព្វផ្សាយពីរបៀបការពារជាជំងឺផ្តាសាយបក្សីបានចំនួន២០គ្រួសារ ។ បានបិទអត្ថប័ណ្ណផ្សព្វផ្សាយចំនួន២៥០ ផ្ទាំងនិងចែកថ្នាំសម្លាប់មេរោគចំនួន៤គ្រួសារ ។

កម្លាំងបានធ្វើការសម្ភាសន៍កសិករដែលធ្លាប់មានមាន់ឈឺចំនួន១១ គ្រួសារនិងយក វត្ថុវិភាគមាន់ឈឺចំនួន ២ក្បាល និងទាឈឺចំនួន១ក្បាលផងដែរ ។ ព្រមទាំងបានដុតកំទេចមាន់ចំនួន២១៤ក្បាល ទាចំនួន៣៨ ក្បាល ពងមាន់និងពងទាចំនួន១០ គ្រាប់ ។ ជាងនេះទៀត កម្លាំងនឹងបន្តការងារផ្សព្វផ្សាយតាមសាលារៀននិងក្នុងភូមិដែលកើតជំងឺ ។ បិទខិតប័ណ្ណតាមផ្លូវ និងតាមផ្ទះបន្តទៀត ធ្វើជីវៈសុវត្ថិភាពតាមក្នុងផ្ទះ និងដងផ្លូវក្នុងភូមិបន្ថែមទៀត ។

លោក អនុប្រធានមន្ទីរ.បានឲ្យដឹងទៀតថា មន្ត្រីការិយាល័យ ផ.ប បានចុះត្រួតពិនិត្យនិងអូសត្រាលើផ្ទាំងសាច់ នៅទីសត្តឃាតដ្ឋាន នានាក្នុងខេត្តត្បូងឃ្មុំ ។ ទីសត្តឃាដ្ឋានចំនួន៣ ក្នុងនោះមាន សត្តឃាតដ្ឋានក្រុមហ៊ុនស៊ីភី  ស្រុកត្បូងឃ្មុំ  និងសត្តឃាត្តដ្ឋានស្រុកតំបែរ ។ សត្វពិឃាដសរុបបានចំនួន៣២៦ ក្បាលស្មើនឹង ៦៥២ ផ្ទាំងសាច់ នាំចេញទៅលើទីផ្សារនានាក្នុងខេត្តត្បូងឃ្មុំ និងនាំ ចេញទៅលក់នៅខេត្ត ក្រចេះ កំពង់ចាម កំពង់ធំ  កណ្តាល និងខេត្តស្វាយរៀង ។ ផលិតផលសត្ត ខូចគុណភាព(គ្រឿងក្នុង) ចំនួន៨៦ គីឡូក្រាម បានដកហូតនិងកំទេចចោលផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត រួមនឹង មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋានឃុំដូនតី បានចុះដល់ទីតាំងផ្ទះកុមារ ឈ្មោះ គា សុខកែវ ភេទប្រុស អាយុ ៦ ឆ្នាំ រស់នៅភូមិបុសឬស្សី ឃុំដូនតី ស្រុកពញាក្រែក បានឆ្លងជំងឺ ផ្តាសាយបក្សី (H5N1) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានរកឃើញដោយវិទ្យាស្ថាន ជាតិប៉ាស្ពឺ (NIPH) ៕
អត្ថបទ÷អាចារ្យលាក់

Share.