កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ មានការផ្ទុះអាវុធដាក់គ្នារវាងយោធាកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ និងនៅប្រាសាទព្រះវិហារ របស់កម្ពុជា ដោយភាគីថៃជាអ្នកផ្ដើមផ្ទុះអាវុធមកលើកម្ពុជាមុន។

ក្រោយកើតមានភាពតានតឹងនៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ ថ្នាក់ដឹកនាំពិភពលោកជាច្រើនបានចេញមកសម្ដែងក្ដីព្រួយបារម្ភ និងថ្លែងសារអំពាវឱ្យមានការបញ្ឈប់ជម្លោះ។

១) លោក Anouar El Anouni អ្នកនាំពាក្យសហគមន៍អឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខស្ដីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ថា សហភាពអឺរ៉ុបមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំង២ រួមទាំងផលប៉ះពាល់របស់ជនស៊ីវិល ដោយអំពាវនាវឱ្យភាគីទាំង២ បន្ធូរបន្ថយ និងដោះស្រាយជម្លោះតាមរយៈការចរចាដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

២) អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Piggot បានទទូចឱ្យ «បញ្ឈប់ជាបន្ទាន់នូវអរិភាព» រវាងប្រទេសថៃ និងកម្ពុជា ហើយអំពាវនាវឱ្យស្វែងរកដំណោះស្រាយដោយសន្ដិវិធីនៃជម្លោះ។

៣) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងនាមជាប្រធានប្ដូរវេនរបស់អាស៊ាន បានបង្ហាញក្ដីបារម្ភពីការកើនឡើងកម្ដៅយ៉ាងខ្លាំងនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយលោកបានសន្ទនាជាមួយមេដឹកនាំនៃប្រទេសទាំង២។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកបញ្ជាក់ថា «អ្វីដែលយើងអាចសង្ឃឹមបានពីភាគីទាំង២ គឺហោចណាស់ត្រឹមឱ្យពួកគេផ្អាកការប្រយុទ្ធគ្នា ហើយស្វែងរកផ្លូវការចរចា»។

៤) ហ្វីលីពីន បានជំរុញឱ្យកម្ពុជា-ថៃ បន្ធូរបន្ថយជម្លោះនៅតំបន់ព្រំដែន ព្រមទាំងគិតគូរ និងយកចិត្តទុកដាក់ចំពោះជនស៊ីវិលដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនដែលកំពុងផ្ទុះឡើង។ ក្រសួងការបរទេសហ្វីលីពីន បានបញ្ជាក់ថា «ហ្វីលីពីនមិនប្រកាន់យកជំហរណាមួយនោះទេលើជម្លោះនេះ ប៉ុន្ដែចង់គូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការថែរក្សាទំនាក់ទំនងឱ្យបើកចំហ និងការបន្ធូបន្ថយជម្លោះ ហើយអំពាវនាវឱ្យភាគីទាំង២ ដោះស្រាយជម្លោះស្របតាមច្បាប់អន្តរជាតិ»។

៥) ជប៉ុន បង្ហាញពីការព្រួយបារម្ភជុំវិញជម្លោះយោធាកម្ពុជា-ថៃ។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Iwaya Takeshi បានចេញសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលជប៉ុន មានការព្រួយបារម្ភជាខ្លាំង ជុំវិញការផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ ដោយជំរុញឱ្យព្យាយាមបន្ធូរបន្ថយសភាពការណ៍ដែលផ្ដើមមានការតានតឹងកាលពីថ្ងៃទី២៤ ខែកក្កដា។ លោក បានសង្កត់ធ្ងន់ថា ការរក្សាទំនាក់ទំនងល្អរវាងកម្ពុជា-ថៃ គឺមានសារៈសំខាន់ណាស់ សម្រាប់សន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់។

៦) សិង្ហបុរី អំពាវនាវឱ្យកម្ពុជា-ថៃ មានការអត់ធ្មត់នៅចំពោះមុខនៃការកើនឡើងភាពតានតឹងរវាងប្រទេសជាសមាជិកអាស៊ានទាំង២ ដោយអំពាវនាវឱ្យមានការអត់ធ្មត់ ការបន្ធូបន្ថយភាពតានតឹងតាមរយៈយន្ដការការទូត និងធានាសុវត្ថិភាពជនស៊ីវិល រួមទាំងបញ្ឈប់អរិភាពនឹងគ្នា។

Share.