ក្រុម​បាល់ទះនារីជប៉ុន ឈ្នះតួកគី ប្រេស៊ីលឈ្នះអាល្លឺម៉ង អ៊ីតាលី ឈ្នះអាមេរិក និងប៉ូឡូញ ​ឈ្នះចិន ដឹក​ដៃគ្នាឡើង​ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025។

សម្រាប់​កម្មវិធីប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ធ្វើឡើង​នៅ​ថ្ងៃទី២៦ កក្កដា ២០២៥៖

  • អ៊ីតាលី ប្រកួត​ជាមួយ ប៉ូឡូញ
  • ប្រេស៊ីល ប្រកួត​ជាមួយ ជប៉ុន

​នៅវគ្គ ៨ក្រុម​ចុង​ក្រោយ ក្រុម​បាល់ទះនារីជប៉ុន យកឈ្នះតួកគី ៣-២ (២៥-២១, ១៦-២៥, ២៥-២០, ២២-២៥, ១៥-៩) ខណ:ក្រុម​បាល់ទះនារីប្រេស៊ីល យកឈ្នះអាល្លឺម៉ង ៣-០ (២៥-១៩, ២៦-២៤, ២៥-១៤) ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយ​ឡែក​សម្រាប់​ ក្រុមបាល់ទះ​នារី​អ៊ីតាលី យក​ឈ្នះអាមេរិក ៣-០ (២៥២២, ២៥-២១, ២៨-២៦) ខណ:ក្រុម​បាល់ទះនារីប៉ូឡូញ យក​ឈ្នះចិន ៣-២ (១៧–២៥, ២៥–២០, ១៩–២៥, ២៥–១៩, ១៥–១២) ដឹកដៃគ្នា​ឡើង​ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ការ​ប្រកួត​ពានរង្វាន់បាល់ទះផ្នែកនារីពិភពលោក FIVB Women’s Volleyball Nations League 2025 មាន​២​ដំណាក់​កាល​គឺ ទី១ ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​ដែល​មាន​​ ៣​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ដល់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៥។

ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៧ និង​ម្ចាស់​ផ្ទះ ប៉ូឡូញ ​បាន​ឡើង​ទៅ​​ដំណាក់​កាល​ទី​២ ដែល​ជា​ជុំផ្ដាច់ព្រ័ត្រ ធ្វើឡើង​ចាប់​ពី​ថ្ងៃទី២៣ រហូត​ដល់​ថ្ងៃទិ២៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក។

សូមជម្រាបថា ពានរង្វាន់បាល់ទះផ្នែកនារីកម្រិតទី១ពិភពលោក បានបង្កើតឡើងដំបូងនៅឆ្នាំ២០១៨ ដោយនៅឆ្នាំដំបូងនោះគឺធ្វើឡើងនៅប្រទេសចិន នៅឆ្នាំ២០១៩ នៅរៀបចំនៅប្រទេសចិនដដែល ហើយក្រុមបាល់ទះ​ជម្រើជាតិ​នារីអាមេរិក គ្រងជើងឯក២ឆ្នាំជាប់គ្នាតែម្តង។

នៅឆ្នាំ២០២០ មិនមានការរៀបចំនោះឡើយដោយសារជំងីកូវីត ១៩ នៅឆ្នាំ២០២១ ធ្វើឡើងនៅប្រទេសអ៊ីតាលី ជើងឯកបានលើក្រុមជម្រើសជាតិអាមេរិក ឆ្នាំ២០២២ ធ្វើនៅប្រទេសទួរគី ជើងឯកគឺបានលើក្រុមជម្រើសជាតិអ៊ីតាលី ។

នៅឆ្នាំ២០២៣ រៀបចំឡើងនៅសហរដ្ឋអាមេរិក ជើងឯកគឺបានលើក្រុមជម្រើសជាតិទួរគី និងចុងក្រោយឆ្នាំ​២០២៤ ធ្វើនៅប្រទេសថៃ ជើងឯកបានលើក្រុមជម្រើសជាតិអ៊ីតាលី៕

Share.