មហិច្ឆតាឈ្លានពាននិងឥរិយាបថគឃ្លើនរបស់យោធាថៃ រហូតដល់ឈានដល់ការប៉ះទង្គិចគ្នាជាថ្មីនៅតាមតំបន់ព្រំដែនមានជម្លោះរវាងកម្ពុជា-ថៃនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥និងបន្តអូសបន្លាយមកដល់ថ្ងៃទី២៥ខែកក្កដានេះ សរបញ្ជាក់ឲ្យឃើញពីចេតនាល្មោភសង្គ្រាម របស់មេដឹកនាំនិងយោធាថៃ។

អ្វីដែលគេកាន់តែហួសចិត្តទៅទៀតនោះ គឺបន្ទាប់ពីបង្កហេតុនិងបាញ់មកលើភាគីទាហានកម្ពុជាហើយ គេបែរកុហកប្រាប់ពិភពលោកថា ពួកគេគឺជាជនរងគ្រោះដោយសារតែកម្ពុជាជាអ្នកបង្កហេតុនិងជាអ្នកឈ្លានពានខ្លួនទៅវិញ។

ការចោទប្រកាន់មកលើកម្ពុជាយ៉ាងដូច្នេះ គឺវាហាក់ដូចជារឿងដែលគួរឲ្យអស់សំណើចបំផុត ព្រោះថា បើយើងក្រឡេកមើលទៅកាន់អតីតកាល គឺថៃ(សៀម)ទៅវិញទេដែល បានឈ្លានពានលេបត្របាក់យកទឹកដី លួចប្លន់យកសម្បត្តិវប្បធម៌របស់ខ្មែរជាបន្ត       បន្ទាប់ចាប់តាំងពីសតវត្សរ៍ទី១៣មក។រហូតមកដល់ពេលបច្ចុប្បន្ននេះ មេដឹកនាំនិងយោធាថៃនៅតែបន្តចិញ្ចឹមមហិច្ឆិតាឈ្លានពានវាទីដណ្តើមកាន់កាប់ទឹកដី និងប្រាសាទ ខ្មែរដោយគ្មានភាពអៀនខ្មាស។

ដើម្បីបិទបាំងនូវមហិច្ឆតានិងទង្វើឈ្លានពានរបស់ខ្លួន មេដឹកនាំថៃបាននិងកំពុងសម្តែងប្រាប់ពិភពលោកថា ខ្លួនជាអ្នកស្រឡាញ់សន្តិភាព ជាជនរងគ្រោះ ទាំងដែលខ្លួនកំពុង តែគឃ្លើនបំពានមកលើកម្ពុជា។ក្រៅពីវាយប្រហារមកលើទីតាំងកងទ័ព លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកក៏ក្លាយជា គោលដៅនៃការវាយប្រហារនិងទម្លាក់គ្រាប់បែកពីសំណាក់ទាហានថៃផងដែរ។ទង្វើរបស់ទាហានថៃនេះ គឺផ្ទុយស្រឡះទៅនឹងការផ្សព្វផ្សាយកុហកបោកប្រាស់របស់ភាគីថៃ ទៅកាន់ពិភពលោក។

បើនិយាយអំពីកម្ពុជាវិញ គឺមេដឹកនាំកម្ពុជាបច្ចប្បន្នគឺសម្តេចមហាវរធិបតីហ៊ុន ម៉ាណែត ក៏ដូចជាអតីតនាយករដ្ឋមន្ត្រីគឺ សម្តេចតេជោហ៊ុន សែន តែងតែបានប្រកាសនិងប្រកាន់ជំហរយ៉ាងមុតមាំថា កម្ពុជាស្រឡាញ់សន្តិភាព ចង់កសាងព្រំដែនសន្តិភាពនិងការអភិវឌ្ឍជាមួយប្រទេសជិតខាង។ក្នុងន័យនេះ គឺកម្ពុជាតែងតែគោរពដោយខ្ជាប់ខ្ជួននូវគោការណ៍គ្រឹះនៃ នយោបាយការបរទេសរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោ​បាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

ម្យ៉ាងទៀតបើក្រឡេកមើលទៅលើទិដ្ឋភាពនៃប្រវត្តិសាស្ត្ររបស់ខ្លួន គឺកម្ពុជាធ្លាប់បានហែលឆ្លងកាត់សោកនាដកម្មរាប់រយឆ្នាំមកហើយមុននឹងទទួលបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨បន្ទាប់ពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោត្រូវបានអនុវត្តដោយជោគជ័យ។ កម្ពុជាឆ្អែតនឹងសង្គ្រាម កម្ពុជាស្អប់សង្គ្រាម កម្ពុជាត្រូវការពេលវេលា សម្រាប់អភិវឌ្ឍប្រទេស។ដូច្នេះកម្ពុជាគ្មានភាពចាំបាច់អ្វីដែលត្រូវបង្កជម្លោះជាមួយប្រទេសជិតខាងដែលមានទាំងប្រទេសថៃនោះឡើយ។បើទោះជាបែបនេះក្តី ក៏កម្ពុជា មានភាពចាំបាច់ក្នុងការការពារទឹកដី ដែនអធិបតេយ្យភាពរបស់ខ្លួនពីការឈ្លានពាន ដោយប្រទេសជិតខាងផងដែរ។

បើនិយាយពីការដោះស្រាយបញ្ហាជម្លោះព្រំដែនវិញ គឺតាំងពីដើមទីមកងកម្ពុជាតែប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយដោយសន្តិវិធីដែលមានទាំងតាមរយៈការចរចាទ្វេភាគី និងយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។បើថៃស្រឡាញ់សន្តិភាព ចង់បញ្ចប់បញ្ហាជាមួយកម្ពុជាមែននោះ សូមចូលរួមជាមួយកម្ពុជានាំគ្នាដោះស្រាយបញ្ហា ព្រំដែនរវាងប្រទេសទាំងពីរនៅតុលាការយុត្តិធម៌អន្តរជាតិ ឈប់បង្កបញ្ហា បំភ្លៃការពិត តទៅទៀត។

នៅចំពោះបរិការណ៍នៃពិភពលោកបច្ចុប្បន្ននេះ គ្មានភាគីណាមួយទទួលបានផលចំណេញពីមហិច្ឆតាបង្កហេតុរបស់មេដឹកនាំនិងទាហាថៃនោះឡើយ។គឺមានតែចាញ់និងខាតបង់ទាំងអស់គ្នា ហើយអ្នកដែលខាតបង់ច្រើនជាងគេនោះគឺប្រជាជននៃប្រទេសទាំងពីរ។ដូច្នេះល្មមដល់ពេលហើយដែលមេដឹកនាំនិងយោធាថៃលះបង់ចោល នូវមហិច្ឆតាឈ្លានពានមកលើកម្ពុជាតទៅទៀត។ការប្រើប្រាស់កលល្បិចបិទបាំងនូវទង្វើឈ្លានពានណាមួយទៅលើប្រទេសដទៃ គឺវាមិនអាចទៅរួចនោះឡើយ នៅក្នុងយុគសម័យឌីជីថលនេះ៕

Share.