ក្រសួងការបរទេសថៃ បាននិយាយនាថ្ងៃសុក្រ ថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលពីប្រទេសទីបី ដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចឱ្យទីក្រុងភ្នំពេញ បញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានភាពតាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥។

ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជា រយៈពេល ២ថ្ងៃជាប់គ្នានេះ បានផ្ទុះឡើងទៅជាអរិភាពដ៏បើកចំហនៅទីតាំងជាច្រើននៅតាមតំបន់ជួរមុខ បន្ទាប់ពីថៃបានបើកការវាយប្រហារមកលើកម្ពុជាមុន ដោយកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានប្រាប់រ៉យទ័រថា សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ដែលបច្ចុប្បន្នជាប្រធានប្ដូរវេនអាស៊ាន បានផ្តល់ការជួយសម្របសម្រួលឱ្យមានកិច្ចសន្ទនា ប៉ុន្តែទីក្រុងបាងកកកំពុងស្វែងរកដំណោះស្រាយទ្វេភាគីចំពោះជម្លោះនេះ។

លោក Nikorndej និយាយនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំមិនគិតថា យើងត្រូវការការសម្របសម្រួលពីប្រទេសទី៣»។

យ៉ាងណាម៉ិញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ យោងតាមកាសែតក្នុងស្រុកថៃ The nation បានចេញផ្សាយច្បាស់ៗថា «នាយករដ្ឋមន្រ្តីស្ដីទី លោក Phumtham Wechayachai បានចេញមុខផ្ដល់កិច្ចសំភាសន៍ជាមួយអ្នកកាសែត សុំចរចា ដោយលោកនិយាយថា រដ្ឋាភិបាលថៃ ស្នើឲ្យមានកិច្ចពិភាក្សាផ្នែកការទូតដើម្បីបន្ធូរបន្ថយភាពតានតឹង»។

គួរបញ្ជាក់ថា បញ្ហាជម្លោះរវាងកម្ពុជា និងថៃ កំពុងតែត្រូវបានអន្តរជាតិមួយចំនួនមានការភ័ន្ដច្រឡំ ដោយសារតែភាគីថៃ បានចោទ និងបំភ្លៃការពិតមកលើប្រទេសកម្ពុជា ទាំងដែលការពិត ភាគីថៃជាអ្នកផ្ដើមបាញ់ប្រហារមកលើកម្ពុជា មុនកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥៕

ប្រភព៖ Reuters

Share.