បាត់ដំបង៖ ក្រោយការផ្ទុះអាវុធទ្រង់ទ្រាយធំឈ្លានពានដោយភាគីថៃមកលើប្រទេសកម្ពុជា បានធ្វើឲ្យពលករខ្មែរប្រមាណជាង ១ម៉ឺននាក់សម្រុកចេញមកស្រុកកំណើតតាមច្រកទ្វារអន្តរជាតិដូងនាព្រឹកនេះ។

មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិដូងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នេះច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងបានបើកច្រកទ្វារទាំងច្រកធំ និងច្រកតូចដើម្បីសម្រួលឲ្យបងប្អូនពលករខ្មែរបានចេញមកប្រទេសកំណើតបានងាយស្រួល។ នៅព្រឹកថ្ងៃទី ២៦ នេះប្រជាពលករខ្មែរបានសម្រុលចេញពីប្រទេសថៃមានចំនួនច្រើនណែនណាន់តាន់តាប់ខុសពីកន្លងមក។

លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិដូងបានប្រាប់ឲ្យដឹងថា ថ្ងៃនេះពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃបាននាំគ្នាសម្រុកចេញយ៉ាងច្រើនខុសពីធម្មតាចម្លោះពី ១២០០០នាក់ ដល់ ១៥០០០នាក់ ខណ:ភាគីថៃសម្រេចកែប្រែបើកច្រកទ្វារ ( ត្រឹមច្រកតូច ) ប៉ុណ្ណោះចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល។

បងប្អូនប្រជាពលករខ្មែរដែលមានបំណងវិលត្រឡប់មកប្រទេសកំណើតវិញអាចឆ្លងកាត់តាមច្រកនានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បាន ពិសេសច្រកទ្វារព្រំដែនអន្តរជាតិដូង តាមពេលវេលាដែលកំណត់ បើកម៉ោង ៩:០០នាទីព្រឹក និងបិទវិញនៅម៉ោង ៣:០០នាទីរសៀល៕

អត្ថបទ៖ដំបងក្រញូង

Share.