ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ក្រោយលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានបញ្ជាក់ថា ប្រទេសរបស់ខ្លួនចង់បញ្ចប់ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ ប៉ុន្តែបានបង្ហាញជំហររក្សាការចរចាទ្វេភាគីជាមួយកម្ពុជា។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រីស្តីទីថៃរូបនេះ បានអះអាងថា ខ្លួនថែមទាំងបានស្នើឲ្យប្រធានាធិបតីអាមេរិកនិយាយជាមួយកម្ពុជាអំពីកិច្ចចរចានេះថែមទៀតផង។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Donald Trump នៅយប់ថ្ងៃសៅរ៍ទី២៦ខែកក្កដាដូចគ្នា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន​ ម៉ាណែតបានប្រាប់មេដឹកនាំអាមេរិកថា កម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាមនិងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះ សម្តេចធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់តាមរយៈបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចថា ជាដំណឹងល្អដែលខ្ញុំបានទទួលពីឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចសង្ឃឹមថាភាគីថៃ នឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។ សម្តេចថា សម្តេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អោយបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង៕

Share.