យោងតាមការចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី CNA បានផ្សាយថា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ មេដឹកនាំប្រទេសកម្ពុជា-ថៃ គ្រោងនឹងជួបពិភាក្សាគ្នាដើម្បីសន្ដិភាព និងសម្រេចឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខណៈកងទ័ពថៃនៅតែបន្ដប្រយុទ្ធលើតំបន់សំខាន់ៗរបស់កម្ពុជាដដែល នេះបើតាមឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដែលផ្ដួចផ្ដើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបគ្នានៅវេលាម៉ោង ៣រសៀល (ម៉ោងក្នុងស្រុក) (ម៉ោង ២រសៀលនៅកម្ពុជា) នៅទីក្រុងគូឡាឡាំពួ។
មន្រ្តីក្រសួងការបរទេសអាមេរិក នឹងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ ខណៈប្រទេសចិន ក៏ត្រូវបានគេរំពឹងថា នឹងបញ្ជូនគណៈប្រតិភូមកចូលរួមផងដែរ។



បើតាមរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ថា «យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រាប់សារព័ត៌មានក្នុងស្រុកថា «លោកនឹងផ្ដោតលើការធានាបទឈប់បាញ់ជាបន្ទាន់»។



យោងតាមប្រសាសន៍អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា «គិតត្រឹមថ្ងៃទី២៨ ខែកក្កដា នេះ ជាថ្ងៃទី៥ ហើយ ដែលថៃបានឈ្លានពានមកលើទឹកដីកម្ពុជា ដោយអាវុធធុនធ្ងន់ និងការដាក់ពង្រាយកងទ័ពជាច្រើននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីដណ្ដើមយកទឹកដីរបស់កម្ពុជា»។
លោកជំទាវបន្ដថា «បើទោះជានាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ បានជួបចរចាគ្នានៅម៉ាឡេស៊ីក៏ពិតមែន តែយោធាថៃនៅតែបន្ដសម្រុកបើកការវាយប្រហារមុនមកលើកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ចាប់ពីម៉ោង ៣:១០នាទីរំលងអាធ្រាត រហូតដល់ម៉ោង ៥:០៧នាទីទាបភ្លឺនេះ»។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិដដែល «គិតចាប់ពីម៉ោង ២:០០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ដល់ម៉ោង ១៣:០០នាទីរសៀល ថៃបានចាប់ផ្ដើមវាយជញ្ជ្រំនៅតំបន់៥មករា ចម្ការចេក និងប្រាសាទព្រះវិហារ។ ម៉ោង ១៥:០៧នាទី យន្តហោះថៃបានបាញ់ផ្សែងពុលនៅអានសេះ។ នៅវេលាម៉ោង ១៦:១២នាទី សភាពការណ៍នៅជប់គគី ថ្មដូន ភាគីថៃបានបាញ់ផ្លោងរង្វើលៗចូលតាមបណ្ដាទីតាំងរបស់កម្ពុជា។ ចំណែកឯប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ថៃបានបាញ់ផ្លោងចូលដូចភ្លៀងរលឹម»។

លោកស្រី បានបន្ថែមថា នៅវេលាម៉ោង១៣:១០នាទី រហូតដល់ម៉ោង១៦:០០នាទី ថៃបានប្រើយន្តហោះចម្បាំងបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ព្រមទាំងតាមទីតាំងមួយចំនួនទៀតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នៅវេលាម៉ោង ១៦:៤៨នាទី ភាគីថៃបានចាប់ផ្ដើមវាយនៅតំបន់មុំបី។
តាមការអះអាងរបស់លោកស្រី ម៉ាលី សុជាតា ចាប់ពីវេលាម៉ោង១៧:០៦នាទី ភាគីថៃបានប្រើយន្តហោះ ដ្រូនអត្តឃាត គ្រាប់បែកចង្កោម និងថែមទាំងផ្សែងពុលនៅតំបន់ភ្នំខ្មោច រហូតចូលមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ៕
ប្រភព៖ CNA / ក្រសួងការពារជាតិកម្ពុជា

