យោងតាមការចេញផ្សាយដោយសារព័ត៌មាន thaich8news នាពេលថ្មីៗនេះបានឱ្យដឹងថា អំឡុងពេលនាយរដ្ឋមន្ត្រីព្យួរតំណែង លោកស្រី ផែថងថាន ស៊ីនណាវ៉ាត្រ ដែលកំពុងតែកាន់ការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានធ្វើដំណើរចុះទៅមើលមូលដ្ឋាននៅតំបន់តាមព្រំដែនថៃ-កម្ពុជាក្នុងខេត្ត សុរិន្ទ ក៏ត្រូវបានប្រជាជននៅទីនោះនាំគ្នាចេញមកផ្ដល់បទសម្ភាសន៍ផ្តាំផ្ញើដាក់ការស្តីបន្ទោសទៅលោកស្រី ដែលជាជាមេភ្លើងបង្កបញ្ហាឱ្យមានភ្លើងសង្គ្រាមឈ្លានពានកម្ពុជា។

ប្រជាជនថៃដែលរស់នៅក្នុងខេត្តសុរិន្ទ ដែលអាចប្រើប្រាស់ភាសាខ្មែរបានស្នើរសុំជួបលោកស្រី ផែថងថាន ស៊ីនណាវ៉ាត្រ ដើម្បីរៀបរាប់ពីរឿងឈឺចាប់នៅក្នុងចិត្តរបស់ពួកគេក្នុងនាមជាប្រជាជនស្លូតត្រង់ ប៉ុន្តែកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពានមកលើកម្ពុជា រហូតដល់ពួកគេមិនអាចអត់ធ្មត់ចំពោះទង្វើមេនាំរបស់ប្រទេសថៃបាន។
នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ប្រជាជនថៃម្នាក់បាននិយាយទាំងភាសាថៃ និងភាសាខ្មែរ ស្ដីបន្ទោសលោកស្រី ផែថងថាន ស៊ីនណាវ៉ាត្រ ថា ៖ «ខ្ញុំជាជនជាតិថៃ ប៉ុន្តែអាចនិយាយភាសាខ្មែរបាន ខ្ញុំចង់និយាយថា អ៊ុងអ៊ីង កុំឱ្យធ្វើអីចឹងណាអូន អូនធ្វើអីចឹងគឺឱ្យប្រជាជនទាំងអស់ឈឺចាប់ខ្លាំងណាស់អូន ប្រជាជនគ្រប់គ្នាឈឺចាប់ចំពោះទង្វើរបស់អ្នកកន្លងមកនេះជាខ្លាំង សូមឱ្យប្ដូរចិត្ត ប្ដូរគំនិតទៅ។ បើចំពោះអត្ថប្រយោជន៍ ពួកយើងមិនដឹងអ្វីទាំងអស់ឡើយ ប៉ុន្តែប្រជាជនពិតជាចង់រស់នៅដោយស្ងប់សុខពិតៗចាស៎»៕

