មហាជន​នៅ​លើ​បណ្តាញ​សង្គម​ ទាំង Facebook, Tiktok និង X (Twitter) បាន​បង្ហោះ​​ព្រោងព្រាត​ពី​ហេតុផល​ដែល​ទំនង​ជា​ថៃ ជា​អ្នក​ធ្វើ​អោយ​មាន​ការ​ផ្ទុះ​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង ជា​ពិសេស​ចំ​ម៉ាត 7-Eleven Bombing ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​កម្ពុជា-ថៃ ដល់​ទៅ​១២៤​គីឡូម៉ែត្រ ហើយ​ចោទ​ថា​ខ្លួន​រង​ផល​ប៉ះ​ពាល់​ពី​អាវុធ​ប្រភេទ BM-21 ដែល​កម្ពុជា​មាន។

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ផ្ទុះ…

អ្នក​ខ្លះ​បាន​បញ្ជាក់​ហេតុផល​ថា​ ប្រភេទ​អាវុធ BM-21 ដែល​កម្ពុជា មាន​ដោយ​យោង​ទៅ​តាម​រូបភាព ឬ​វីដេអូ ដែល​បែកធ្លាយ​តាម​បណ្តាញ​សង្គម​កន្លង​មក ជា​ប្រភេទ​អាវុធ វ័យ​ចំណាស់​ដែល​សល់​ពី​សម័យ​សហភាព​សូវៀត ហើយ​ឥទ្ធិពល​នៃ​អាវុធ​នេះ អាច​​បាញ់​ដល់​ចម្ងាយ​ប្រមាណ​ចន្លោះ ៣០ ទៅ ៤០ គីឡូម៉ែត្រ ប៉ុណ្ណោះ ពី​កន្លែង​ឈរ​ជើង។

ចំណែក​អ្នក​ខ្លះ​វិញ បាន​ដាក់​ការ​សង្ស័យ​ពី​ការ​ពង្រីក​ជម្លោះ​ឱ្យ​កាន់​តែ​ធំ​របស់​ភាគី ថៃ ដោយ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ជន​ស៊ីវិល ផ្ទៃ​ក្នុង​ខ្លួន​ឯង​ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ ឬ បង្កើន​ជាតិ​និយម ឱ្យ​ពលរដ្ឋ​ថៃ ខ្លួន​ឯង​ជួយ​គាំទ្រ​ដល់​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា។

ដោយ​ឡែក​បើ​តាម​វីដេអូ​មួយ​ចំនួន​ដែល​បង្ហោះ​ដោយ​អ្នកសារព័ត៌មាន​ថៃ បាន​ឱ្យ​ឃើញ​ថា​មាន​ពលរដ្ឋ​ខ្លះ​ជេរ ឬ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ឈ្លានពាន​របស់​ថ្នាក់​ដឹកនាំ​ខ្លួន មក​កាន់​កម្ពុជា នោះ​ទេ ព្រោះ​មាន​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច ជីវភាព​រស់នៅ និង​បញ្ហា​សង្គម​ផ្សេង​ៗ​ទៀត។

ម៉្យាង​ទៀត​បើ​តាម​សារព័ត៌មាន Khaosod និង BangkokPost បាន​បង្ហាញ​ពី​​ទិន្នន័យ​កងទ័ព ចំនួន​សព្វាវុធ និង​ព័ត៌មាន​ផ្នែក​កងទ័ព​មួយ​ចំនួន ឱ្យ​ឃើញ​ពី​កម្លាំង​របស់​ភាគី​ថៃ ហាក់​ធំ​ជាង​ប្រទេស​កម្ពុជា។ ទាំង​នេះ​បាន​បង្កើត​ចម្ងល់​ដល់​សហគមន៍​អន្តរជាតិ ថា​ហេតុ​អ្វី​បាន​ជា​ថៃ ចូល​មក​ឈ្លានពាន​កម្ពុជា? ទាំង​ថៃ កំពុង​តែ​មាន​បញ្ហា​គ្រប់​ជំពូក​នៅ​ចំពោះ​មុខ មាន​បញ្ហា​ព្រំដែន ជាមួយ​អ្នក​ជិត​ខាង​ផង បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​ផង និង​គ្រោះ​ធម្មជាតិ​ផង។

នៅ​ភាគ​ខាង​ត្បូង ថៃ​ខ្លួន​ឯង​ផ្ទាល់​កំពុង​មាន​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​ភាគ​ខាង​ត្បូង​ជាង​២០​ឆ្នាំ ដែល​មាន​មនុស្ស​ស្លាប់​ជិត​៨០០០នាក់ និង​អ្នក​របួស​ជិត​១ម៉ឺន​៥​ពាន់​នាក់។ សង្រ្គាម​នេះ​នៅ​មិន​ទាន់​មាន​ថ្នាក់​ដឹកនាំ​ថៃ រូប​ណា​អាច​បញ្ហា​បាន​នោះ​ទេ តាំង​ពី​ផ្ទុះ​ឡើង​ក្នុង​ឆ្នាំ​២០០៤ មក​ក្នុង​រជ្ជកាល​លោក Thaksin Shinawatra ជា​នាយករដ្ឋមន្ត្រី។

ដោយ​ឡែក​ប្រទេស​​មីយ៉ាន់ម៉ា ដែល​ជា​អ្នក​ជិតខាង​ភាគ​ខាង​លិច​របស់​ថៃ កំពុង​តែ​មាន​សង្គ្រាម​ផ្ទៃ​ក្នុង ហើយ​​​បញ្ហា​គ្រឿងញៀន Scam Online និង​ចរន្ត​ឆ្លងដែន​របស់​ជនស៊ីវិល ក៏​ច្រើន ដែល​ថៃ ត្រូវ​ដោះ​ស្រាយ។ ម៉្យាង​ការ​ច្បាំង​គ្នា​រវាង​រដ្ឋ​នានា​តាម​ព្រំដែន ជា​មួយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា មាន​ពេល​ខ្លះ​ធ្លាយ​ដល់​ទឹកដី​របស់​ថៃ ដោយ​រក​អ្នក​ចេញ​មុខ​មក​ដោះ​ស្រាយ​ជាមួយ​មក​ឃើញ​ផង។ ថៃ ត្រូវ​ដាក់​កម្លាំង​​យាមកាម​លើ​ផ្ទៃ​ខ្សែ​ក្រវ៉ាត់​ព្រំដែន ជា​ប្រចាំ​មិន​បាន​សម្រាក​បាន​ស្រួល ព្រោះ​បញ្ហា​ព្រំដែន​ចាស់​មិន​ទាន់​ដាច់​ស្រេច​ផង។

ងាក​ទៅ​​ព្រំដែន​ជាប់​ជាមួយ​ឡាវ វិញ​ ថៃ កំពុង​តែ​ឈឺ​ក្បាល​រឿង Scam Online និង​បញ្ហា​ថ្នាំ​ញៀន ជា​ប្រចាំ ដែល​បញ្ហា​ភូមិសាស្រ្ត​ បាន​រាំង​ស្ទះ​ដល់​ការ​សហការ​បង្ក្រាប​​រវាង​ប្រទេស​ទាំង​២ ខណៈ​បញ្ហា​ព្រំដែន​ចាស់​រវាង​ភាគី​ទាំង​សង​ខាង​មិន​ទាន់​ដាច់ស្រេច​ផង​ដែរ។

សម្រាប់​រដូវ​វស្សា​នេះ​ ភូមិសាស្រ្ត​របស់​ប្រទេស​ថៃ កំពុង​តែ​ជួប​បញ្ហា​ប្រឈម​​លើ​ខ្យល់​ព្យុះ​ ទឹកជំនន់​ និង​បាក់ដី នៅ​តំបន់​មួយ​ចំនួន​ភាគ​ខាង​ជើង។ បញ្ហា​ប្រឈម​​ទាំង​នេះ ធ្វើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​របស់​ថៃ ឈឺ​ក្បាល​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ ពី​លើ​បញ្ហា​ប្រចាំ​ថ្ងៃ​ដែល​កើត​មាន​ស្រាប់។

ក្នុង​ការ​ឈ្លាន​ពាន​មក​លើ​ប្រទេស​កម្ពុជា ប៉ុន្មាន​ថ្ងៃ​មក​នេះ ថៃ ​បាន​​ធ្វើ​ខុស​លើ​បទដ្ឋាន​អន្តរជាតិ​មួយ​ចំនួន​​ដូចជា៖
* វាយ​ប្រហារ​មក​លើ​ប្រាសាទ​ព្រះវិហារ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក
* វាយ​ប្រហារ​មក​លើ​ទី​សក្ការបូជា​ដូចជា​វត្ត​អារាម និង​ផ្សារ​(ផ្សារ​ស្រអែម​និង​ក្រុង​សំរោង) និង​ភូមិដ្ឋាន​ជន​ស៊ីវិល
* ប្រើប្រាស់​គ្រាប់​បែក​ចង្កោម និង​ឧស្ម័ន​​គីមី​ពុល
* ពង្រីក​តំបន់​ជម្លោះ
* បញ្ហា​រួម​ផ្សំ​មួយ​ចំនួន​ទៀត

តើ​​ថៃ ជា​ប្រទេស​ប្រភេទ​ណា ដែល​មិន​អាច​សន្សំ​សុខ​ជាមួយ​ប្រទេស​ជិត​ខាង​បាន តាំង​ពី​បូរាណកាល ដល់​បច្ចុប្បន្ន?

Share.