មន្រ្តីម៉ាឡេស៊ី បាននិយាយថា មេដឹកនាំកម្ពុជា និងថៃ បានជួបគ្នាដើម្បីចរចាសន្ដិភាព និងស្វែងរកបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ី នាថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ឈានចូលថ្ងៃទី៥ នៃការប៉ះទង្គិចរវាងកងទ័ពនៃប្រទេសទាំង២ និងមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ជាប្រធានប្ដូរវេនអាស៊ាន សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមតំណាងពីចិន កិច្ចប្រជុំនេះបានចាប់ផ្ដើមនៅគេហដ្ឋាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុងទីក្រុង Putrajaya នាវេលាម៉ោង ២រសៀលនៅកម្ពុជា។



សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងបណ្ដាញទំនងសង្គម X ពេលចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ថា ៖ «គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងបានយល់ព្រមដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ»។


លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យ ថា «លោកជឿថា ទាំងប្រទេសថៃ និងកម្ពុជា ចង់ដោះស្រាយពីបញ្ហារបស់ពួកគេ បន្ទាប់ពីលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា លោកនឹងមិនបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយពួកគេទេ លុះត្រាតែពួកគេបញ្ចប់ការប្រយុទ្ធជាមុន»។
យ៉ាងណាម៉ិញ គិតត្រឹមវេលាម៉ោង ៣:៤៨នាទីរសៀលនេះ កិច្ចប្រជុំបន្ទាន់ពិសេសនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ដោយយើងនៅរង់ចាំលទ្ធផលនៃកិច្ចប្រជុំនេះ៕

