ពានរង្វាន់​បាល់ទះ​បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង ៨ក្រុម​ដែល​នឹង​ត្រូវ​ប្រជែង​គ្នា​នៅ​វគ្ក ៨ក្រុម​ចុង​ក្រោយ​ហើយ នៅ​ថ្ងៃទី៣០-៣១ កក្កដានេះ ខណ:​ក្រុមបាល់ទះជម្រើសជាតិជប៉ុន ​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ នៅ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

មុន​ឈាន​ដល់​វគ្គ​ ៨ក្រុម​នេះ ឆ្លង​កាត់​១២ប្រកួត ក្រុមបាល់ទះជម្រើសជាតិជប៉ុន ឈ្នះ ៨ប្រកួត ចាញ់ ៤ប្រកួត មាន ២៣ពិន្ទុ ឈរ​នៅ​លេខ៤ ពីក្រោយ បារាំង អ៊ីតាលី និងប្រេស៊ីល ។

ក្រុម​ដែល​ឡើង​មក​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ FIVB Men’s Volleyball Nations League 2025 រួម​មាន៖ ប្រេស៊ីល អ៊ីតាលី បារាំង ជប៉ុន ប៉ូឡូញ ស្លូវេនី គុយបា និង​ម្ចាស់ផ្ទះចិន។ កម្មវិធីប្រកួត​នៅ​ថ្ងៃទី៣០-៣១ កក្កដា ២០២៥ ដូច​ខាង​ក្រោម៖

ការប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2025 FIVB Volleyball Men’s Nations League​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី១១ មិថុនា ដល់ថ្ងៃទី៣ សីហា ២០២៥ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៨ក្រុម ធ្វើឡើង​នៅប្រទេសចិន។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.