ព័ត៌មានអំពីទាហានថៃបានប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ ២៣០គ.ក)ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥ម.ម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។
ហេតុការណ៍ដ៏មិននឹកស្មានដល់នេះបានធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសសម្តែងការសោកស្តាយនិងស្រែកអំពាវនាវរកកិច្ចអន្តរាគមន៍ពីគ្រប់ភាគី ពាក់ព័ន្ធដើម្បីបញ្ឈប់នូវទង្វើរំលោភបំពានយ៉ាងគឃ្លើនរបស់ទាហានថៃ។
សម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជា ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ក្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែក ពីលើអាកាស របស់ទាហានថៃ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញា អន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ជាអាទិ៍៖ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះ ប្រដាប់អាវុធ ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និង គណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌ និងអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។
ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការ ខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។
ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺរហូតមកដល់ពេលនេះ អង្គការយូណេស្កូហាក់មិនបានចាប់អារម្មណ៍ចំពោះការអំពាវនាវរបស់កម្ពុជាដែលជាប្រទេសរងគ្រោះនិងជាម្ចាស់ ប្រាសាទនោះឡើយ។តើអង្គការពិភពលោកមួយនេះ មិនបានស្តាប់ឮការអំពាវនាវនេះ ឬមួយក៏ខ្វះលទ្ធភាពឬឥទ្ធិពលគ្រប់គ្រាន់ដើម្បីធ្វើអន្តរាគមន៍?អ្វីដែលកម្ពុជាចង់ឃើញនោះ គឺយូណេស្កូបហារមាត់ញ្ចេញប្រតិកម្ម ពិសេសជួយអំពាវនាវស្វែងកិច្ចអន្តរាគមន៍ពី ភាគីពាក់ព័ន្ធនានាតាមរយៈយន្តការដែលមានស្រាប់ដើម្បីហាមឃាត់ទាហានថៃកុំឲ្យទម្លាក់គ្រាប់បែកបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ៕


