បេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ របស់លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ នេះថា ជម្លោះ ឬការប៉ះទង្គិចរវាងថៃ ជាមួយកម្ពុជា នាពេលថ្មីៗនេះ មិនបានធ្វើឱ្យប្រជាជន ឬមានសម្ព័ន្ធភាពល្អរបស់ថៃជាមួយទីក្រុងវ៉ាស៊ីនតោនទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

លោក Sean O’Neill មន្ត្រីបម្រើការបរទេសជើងចាស់ដែលធ្លាប់បម្រើការចំនួន ២ដងនៅប្រទេសថៃ បានធ្វើអត្ថាធិប្បាយនៅក្នុងសវនាការបញ្ជាក់របស់ព្រឹទ្ធសភានៅពេលសួរអំពីការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃ រវាងប្រទេសថៃ និងកម្ពុជា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់ និងជាង ៣០០.០០០នាក់បានផ្លាស់ទីលំនៅ។ យ៉ាងណាបើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅឯកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី បានឱ្យដឹងថា តួលេខអ្នកផ្លាស់ទីលំនៅជាង ៣សែននាក់នេះ គឺជាចំនួនប្រជាជនទាំងសងខាងង។

នៅពេលសួរថា តើលោកនឹងធ្វើអ្វីដើម្បីធានាថា បទឈប់បាញ់ក្លាយជាកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង លោក O’Neill បាននិយាយថា៖ «ខ្ញុំគិតថារឿងដំបូងដែលខ្ញុំនឹងធ្វើពេលចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូត គឺខ្ញុំនឹងចង្អុលទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់អាមេរិកនៅទ្វីបអាស៊ី ថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ គឺមិនបានជួយអ្វីដល់ប្រជាជនរបស់ពួកគេទេ។ ពួកគេមិនបានធ្វើអ្វីដើម្បីពង្រឹងសម្ព័ន្ធភាពរបស់យើងឡើយ ពួកគេមិនបានធ្វើអ្វីដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសទាំងពីរកំពុងប្រឈមមុខនោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាការខ្ជះខ្ជាយជីវិត និងទ្រព្យសម្បត្តិដោយមិនចាំបាច់តែប៉ុណ្ណោះ»។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្ដីទីថៃ បានជួបប្រជុំគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់នៅប្រទេសម៉ាឡេស៊ី ដែលកិច្ចប្រជុំនេះរៀបចំឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានព្រមានពីការមិនដំណើរការកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាមួយសហរដ្ឋអាមេរិកប្រសិនបើនៅតែបន្ដប្រយុទ្ធគ្នា។

យ៉ាងណាក្រោមការសម្របសម្រួលពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបច្ចុប្បន្ន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលចូលជាធរមាននៅម៉ោង ០០:០០នាទីតទៅ៕

