ត្បូងឃ្មុំ÷ ទឹកទន្លេមេគង្គបន្តហក់ឡេីងជាបន្តបន្ទាប់នៅចុងខែកក្កដា ឆ្នាំ២០២៥នេះ បណ្តាលឲ្យផ្លូវបេតុងមួយខ្សែដែលតភ្ជាប់ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ទៅស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានជន់លិចប្រវែង៥០ម៉ែត្រហើយ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចចុងភូមិទួលគរ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ។ក្នុងស្ថានភាពទឹកនៅបន្តឡើងបែបនេះទៀត ប្រជាពលរដ្ឋប្រាកដជាមិនអាចធ្វេីដំណេីរឆ្លងកាត់ផ្លូវនេះបានទៀតទេ ដូចជារថយន្ត និងម៉ូតូផងដែរ ។




ចំពោះទឹកទន្លេមេគង្គជន់លិចផ្លូវបេតុងនៅចំណុចព្រែកតាខ្វាន់ ស្ថិតចុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំនេះ បេីសិនប្រជាពលរដ្ឋមានបំណងទៅស្រុកកោះសូទិន ខេត្តកំពង់ចាម អាចធ្វេីដំណេីរវាងទៅតាមផ្លូវលេខ១១ រួចទៅតាមផ្លូវសែនតស៊ូ ស្រុកអូរាំងឪ ជំនួសវិញ ។





លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៥នេះ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់១២.៤២ម៉ែត្រ បេីធៀបថ្ងៃដដែល ឆ្នាំមុន កម្ពស់ទឹកទន្លេមេគង្គកំពង់ចាម មានកម្ពស់១២.២៨ម៉ែត្រ ហេីយកម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នសម្រាប់ខេត្តកំពង់ចាម-ត្បូងឃ្មុំ គឺកម្ពស់១៥.២០សង់ទីម៉ែត្រ ៕



អត្ថបទ÷អាចារ្យលាក់
