ឧត្តរមានជ័យ ៖ គ្រាប់ប្រភេទMK84 ជាគ្រាប់បែកដែលមានអនុភាពខ្លាំង ទម្លាក់តាមយន្តហោះF16 ដែលកងទ័ពសៀម ប្រើទម្លាក់ មកលើទឹកដីកម្ពុជា ហើយគ្រាប់បែកមួយគ្រាប់មិនទាន់ផ្ទុះ ត្រូវបានប្រទះឃើញនៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រាយការណ៍ទៅអង្គភាពសុីម៉ាក់ ដើម្បីដោះបន្សាប យកចេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា គ្រាប់បែកមួយគ្រាប់នេះ ត្រូវបានយន្តហោះកងទ័ពថៃ ទន្លាក់ចូលក្នុងភូមិអ្នកស្រុក ចំណុចខាងលើ កាលពីយប់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ មុនបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ។

តាមអាជ្ញាធរសុីម៉ាក់ បានឱ្យដឹងថា បន្ទាប់ពីពលរដ្ឋរាយការណ៍ សននើសុំឱ្យជួយអន្តរាគមន៍ ជាបន្ទាន់ ក្រោយប្រទះឃើញគ្រាប់មួយគ្រាប់ ត្រូវបានកម្លាំងសុីម៉ាក់ ចុះទៅកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វាជាប្រភេទគ្រាប់បែក MK-84​ មានទម្ងន់ជិត១តោន​ (១,០០០គីឡូក្រាម)​ មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ​ មានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ ។

សូមបញ្ជាក់ថា​ គ្រាប់បែកប្រភេទMK-84នេះ​ ក៏កម្រប្រេីប្រាស់ទម្លាក់ណាស់​ កាលពីសម័យសង្គ្រាមឥណ្ឌូចិន៕

អត្ថបទ៖ តាតុងសែនជ័យ

Share.