ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិះទុកដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅ និងដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ និងបូរណភាពទឹកដី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជអំណោយសម្រាលទុក្ខលំបាកបងប្អូនជនរួមជាតិភៀសសឹកដោយសារសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ចំនួន ៤.១៧៩គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ព្រះរាជអំណោយទាំងនោះត្រូវបាននាំទៅចែកជូនដល់ជនភៀសសឹកដោយ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៥នេះ៕




