យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក យន្តហោះចម្បាំង F-35 របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅកណ្តាលរដ្ឋកាលីហ្វ័រញ៉ា កាលពីល្ងាចថ្ងៃពុធ (ម៉ោងក្នុងស្រុក) នៅជិតស្ថានីយអាកាស Naval Air Station Lemoore។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា អ្នកបើកយន្តហោះបានទម្លាក់ខ្លួនចេញដោយសុវត្ថិភាព ហើយមូលហេតុនៃការធ្លាក់ដែលបានកើតឡើងនៅម៉ោងប្រហែល ៦:៣០នាទីល្ងាចថ្ងៃទី៣០ ខែកក្កដា កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

វីដេអូពី CNN KFSN បង្ហាញភ្លើង និងផ្សែងខ្មៅហុយខ្មួរខ្មាញ់ ចេញពីកន្លែងធ្លាក់យន្ដហោះក្នុងដីចំការចំហរមួយកន្លែងក្បែរស្ថានីយអាកាសប្រហែល ៦៤គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Fresno កណ្តាលរដ្ឋកាលីហ្វ័រញ៉ា។

យន្តហោះដែលធ្លាក់នោះ គឺជាយន្តហោះ F-35C ដែលជាប្រភេទមួយក្នុងចំណោមបីប្រភេទ F-35 Lightning II ដែលត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់លើនាវាផ្ទុកយន្តហោះរបស់អាមេរិក វាមានតម្លៃប្រហែល ១០០លានដុល្លារអាមេរិក ខណៈការធ្លាក់យន្ដហោះចម្បាំង F-35 លើកនេះ គឺជាការធ្លាក់លើកទី២ នៅក្នុងឆ្នាំនេះ។

យន្ដហោះចម្បាំងប្រភេទ F-35 នេះ ជាយន្ដហោះចម្បាំងជំនាន់ទី៥ និងជាយន្ដហោះចម្បាំងទំនើបបំផុតមួយរបស់ពិភពលោក ហើយវាផលិតដោយក្រុមហ៊ុន Lockheed Martin វាត្រូវបានគេសរសើរចំពោះសមត្ថភាពបំបាំងកាយ ការបំពាក់បច្ចេកវិទ្យាទំនើប និងសមត្ថភាពដ៏អស្ចារ្យលើសមរភូមិ ដោយមានប្រទេសជាង ១៧ លើសកលលោក បានចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនៃផលិតកម្ម F-35៕

ប្រភព៖ CNN

Share.