យោងតាមបទសម្ភាសន៍របស់សារព័ត៌មាន One News បានបង្ហោះផ្សាយកាលពីពេលថ្មីៗនេះ ដោយស្រង់សម្ដីរបស់ លោក ភូមិថាំ វេជ្យៈឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃ បាននិយាយនៅចំពោះមុខអ្នកសារព័ត៌មានថៃជាច្រើនដោយ​អះអាង​ពីហេតុផលធ្វើឱ្យភាគីថៃមិនអាចដោះលែងទាហានកម្ពុជា ១៨ រូបឱ្យបានលឿនដូចតាមការស្នើសុំរបស់ភាគីកម្ពុជា។

នៅក្នុងបទសម្ភាសន៍ដ៏សំខាន់មួយនេះ គឺមានសំណួររបស់អ្នកសារព័ត៌មានថៃមួយបានឡើងថា នៅថ្ងៃនេះសម្ដេច ហ៊ុន ម៉ាណែត បានទទូចឱ្យថៃដោះលែងទាហានកម្ពុជា ១៨ រូបដែលយើងបានឃុំខ្លួននៅឡើយ តើយើងមានយន្តការលក្ខខណ្ឌអ្វីបន្តទេ?

និយាយដោយមិនស្ទាក់ស្ទើរលោក ភូមិថាំ វេជ្យៈឆ័យ បានឆ្លើយតបវិញថា «យើងបានចាប់ទាហានខ្មែរ ១៨ រូបមក តាំងពីថ្ងៃមុនជាថ្ងៃប្រកាសបទឈប់បាញ់ ប៉ុន្តែពួកគេនៅបន្តមានការឈ្លានពានចូលមក។ យើងចាប់បានហើយ មែនទែនទៅយើងក៏ត្រៀមដោះលែងពួកគេហើយដែរ ប៉ុន្តែគេបង្ហោះចេញមកដូចជាយើងជាអ្នកលបលួចចូលទៅចាប់ខ្លួនពួកគេមកអីចឹង។ ដូច្នោះហើយនៅអំឡុងពេលនេះគឺជាពេលស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ដើម្បីឱ្យទទួលបានព័ត៌មានពិតទាំងអស់ យើងកំពុងដំណើរការប្រើប្រាស់ទៅតាមក្បួនច្បាប់។ នៅពេលរួចរាល់ហើយនោះ យើងនឹងបញ្ជូនពួកគេទៅឱ្យវិញ ប៉ុន្តែត្រូវមានការពិសោធន៍ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀតថា ទាហានកម្ពុជាទាំងអស់នោះ លបលួចចូលមកក្រោយពីការប្រកាសបទឈប់បាញ់ប្រាកដមែន ហើយពេលនេះកំពុងតែដំណើរការស៊ើបអង្កេតរកយុត្តិធម៌នៅឡើយដែរ។»

សូមជម្រាបថា នៅថ្ងៃប្រកាសបទឈប់បាញ់ជាផ្លូវការ ទាហានកម្ពុជា ២០នាក់ត្រូវបានទាហានថៃចាប់ខ្លួន ពោលគឺនៅរយៈពេល៨ម៉ោងក្រោយ ដែលបទឈប់បាញ់បានចូលជាធរមាន ដោយក្រុមទាហានថៃប្រើល្បិចធ្វើជាមកចាប់ដៃជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយក៏ភ្ជង់ចាប់ខ្លួនទាហានកម្ពុជាតែម្តង។ នេះបើតាមមេទ័ពកម្ពុជាបានប្រាប់អនុព័ន្ធយោធានិងទូតនានា ទាំង១៣ប្រទេស។ មកទល់ពេលនេះភាគីថៃបានដោះលែងទាហានកម្ពុជាវិញចំនួន ២ រូប ប៉ុណ្ណោះ ចំណែក១៨ រូបផ្សេងទៀតនៅមិនទាន់ដោះលែងនៅឡើយទេ។

ភ្ជាប់ជាមួយបញ្ហានេះដែរ លោកជំទាវ ម៉ាលី សុជាតា ក្រសួងការពារជាតិកម្ពុជាបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាមិនបោះបង់កងទ័ពណាមួយឡើយ ដោយបច្ចុប្បន្នកម្ពុជាបានស្នើឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជួយដោះស្រាយ និងអំពាវនាវឱ្យភាគីថៃជួយមើលថែ រួចបញ្ជូនចំណាប់ខ្មាំង ដែលជាទាហានខ្មែរត្រលប់មកកម្ពុជាវិញ តាមច្បាប់មនុស្សធម៌អន្តរជាតិ។ ហើយតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជានឹងឈានទៅរកការ ពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់ជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឱ្យកម្ពុជាវិញ៕

Share.