មកទល់ពេលនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈមិនប្រកាន់ ពណ៌សម្បុរ ឬនិន្នាការនយោបាយ បានបន្តប្រមូលផ្ដុំគ្នាគ្រប់ទិសទីដើម្បីបង្ហាញកម្លាំងសាមគ្គីខ្មែរក្នុងការស្រែកប្រាប់ពិភពលោកអំពីភាពឈឺចាប់របស់ជនជាតិកម្ពុជាកំពុងតែត្រូវការសុខសន្តិភាព និងទាមទារឱ្យប្រទេសថៃដោះលែងទាហានកម្ពុជា ១៨ រូបឱ្យកាន់តែឆាប់រហ័សបំផុត។

ក្រៅពីការបង្ហាញសំឡេងនៃកម្លាំងមហាសាមគ្គីនៅក្នុងប្រទេសកម្ពុជាហើយនោះ កម្លាំងប្រជាជនដែលខ្លះមាន​ឈាម​ជ័រជាខ្មែរ នៅឯបណ្ដាក្រៅប្រទេសជាច្រើនទៀតដូចជា បារាំង អង់គ្លេស អូស្ត្រាលី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាដើមនោះ ដោយក្នុងចំណោមនោះមានទាំងជនបរទេសដែលមិនមានសញ្ជាតិខ្មែរ និងបងប្អូនខ្មែរដែលបានធ្វើដំណើរឆ្លងប្រទេស បានមកជួបជុំគ្នាដើម្បីចូលរួមស្រែកប្រាប់សហគមន៍អន្តរជាតិឱ្យដឹងពីការឈឺចាប់ទាំងអស់របស់កម្ពុជា។

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ នេះ ក្នុងកម្មវិធីសង្ខេបលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងនូវចំណុចសំខាន់មួយថា សូមបងប្អូនជនរួមជាតិយើង ថែរក្សាសាមគ្គី​ភាពឯកភាពផ្ទៃក្នុងដ៏រឹងមាំបន្តជ្រោងទង់ជាតិរបស់កម្ពុជា និងស្រែកបន្លើឡើងសំឡេងចង់បានសន្តិភាពក្នុងនាមជាប្រជាជាតិដែលស្រឡាញ់សុខសន្តិភាព សំឡេងរបស់ប្រជាពលរដ្ឋខ្មែរយើងដែលលាន់ឮនៅគ្រប់ទិសទីគ្រប់ជ្រុងជ្រោយនៃពិភពលោកកំពុងតែប្រាប់ទៅដល់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា កម្ពុជាជាប្រជាជាតិមួយដែលចង់រួមរស់នៅក្នុងសុខសន្តិភាព រស់នៅដោយគ្មានការបំពារបំពាន។ សូមឱ្យបងប្អូនខ្មែរជឿជាក់លើរាជរដ្ឋាភិបាល លើថ្នាក់ដឹកនាំរបស់យើង និងជឿជាក់លើវីរកងទ័ព និងវីរកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើងក្នុងការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពរបស់ប្រជាជនគ្រប់រូប។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានក្រើនរំលឹកដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការទទួលព័ត៌មានក្លែងក្លាយ និងព័ត៌មានមានប្រភពមិនច្បាស់លាស់ ដែលមកបំពុលសតិអារម្មណ៍និងធ្វើឱ្យស្ថានការណ៍ច្របូកច្របល់។ លោកទទូចឱ្យប្រជាជនកម្ពុជាទាំងអស់តាមដានព័ត៌មានដែលចេញពីក្រុមអ្នកនាំពាក្យ ហ្វេសប៊ុក​ផេកផ្លូវការរបស់ថ្នាក់ដឹកនាំដូចជា សម្ដេច ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង PR Gavoment Page ដែលសុទ្ធសឹង​ជាប្រភពផ្លូវការ។

ជារួមមកវិញការទទូចរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល គឺមានតែការបង្ហាញកម្លាំងសាមគ្គីស្រែកដង្ហើយរកសន្តិភាព​ជូន​ប្រទេសកម្ពុជាប៉ុណ្ណោះទេ ដែលជាកម្លាំងសាមគ្គីជាតិពីប្រជាជនខ្មែរគ្រប់រូបត្រូវបន្តធ្វើនាពេលនេះឱ្យកាន់​តែ​ផុស​ផុល​ឡើងក្នុងការការពារបូរណភាពទឹកដីពីសមរភូមិក្រោយបន្តគាំទ្រដល់សមរភូមិមុខជានិច្ច និងបង្ហាញប្រាប់ឱ្យសហគមន៍អន្តរជាតិមើលឃើញពីភាពស្អាតស្អំរបស់កម្ពុជាដែលមិនបំពានអ្នកដទៃនិងជំរុញចិត្ត​ឱ្យ​សហគមន៍​អន្តរជាតិឈរនៅជាមួយកម្ពុជាយ៉ាងរឹងមាំក្នុងការអង្កេតលើបញ្ហាជម្លោះព្រំដែនកន្លងមកនេះ៕

Share.