ហាណូយ៖ អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយវៀតណាម បាននិយាយកាលពីថ្ងៃអាទិត្យ ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅតំបន់ជួរភ្នំភាគខាងជើងនៃប្រទេស បានកើនឡើងដល់ ១០នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Arab News។

ភ្លៀងធ្លាក់ខ្លាំងបាននាំឱ្យមានគ្រោះទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងខេត្ត Son La, Phu Tho, Tuyen Quang និងជាពិសេសខេត្ត Dien Bien។

ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា មនុស្ស ១០នាក់​បាន​ស្លាប់ និង ៧នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​តំបន់ Tia Dinh និង Xa Dung នៃខេត្ត Dien Bien។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងស្រុក បានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ដោយនិយាយថា ភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ បង្កឱ្យមានទឹកជំនន់ភ្លាមៗ ខណៈកាល​ពី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រ​ ដើម្បី​ចូល​ទៅ​កាន់​សហគមន៍​ដាច់​ស្រយាល និង​ផ្តល់​នូវ​សម្ភារ​ចាំបាច់​ជាបណ្ដោះអាសន្ន។

ជាមួយគ្នា អ្នក​ស្រុកមួយចំនួន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​តំបន់​សុវត្ថិភាព ខណៈ​សេវា​អគ្គិសនី និង​ទូរគមនាគមន៍​ភាគ​ច្រើន ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ។

បច្ចុប្បន្ន ប្រទេសវៀតណាមស្ថិតក្នុងរដូវព្យុះត្រូពិច ជារឿយៗបណ្ដាលឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តបានព្រមានថា ការប្រែប្រួលអាកាសធាតុអាចនឹងកើនឡើងកាន់តែខ្លាំង និងញឹកញាប់ជាងមុន។

សូមជម្រាបថា កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ២០២៤ គ្រោះ​ទឹក​ជំនន់​ស្រដៀង​គ្នា​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ៥នាក់ ​ក្នុង​ខេត្ត Son La ដោយ​បាន​ជន់​លិច​ដំណាំ ព្រមទាំងសម្លាប់សត្វជាច្រើនក្បាលនៅតាមកសិដ្ឋាន។ កាលពីខែកញ្ញា ឆ្នាំ២០២៤ដដែល ព្យុះទីហ្វុងកំណាចឈ្មោះថា Yagi បានបោកបក់យ៉ាងសាហាវលើភាគខាងជើងប្រទេសវៀតណាម ជាហេតុនាំឱ្យមនុស្សសរុបរហូតដល់ ៣៤៥នាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ស្មើនឹងខ្ទង់ ៣.៣ពាន់លានដុល្លារ៕

ប្រភព៖ Arab News

Share.