ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា  ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយនៅថ្ងៃទី៤ខែសីហាឆ្នាំ២០២៥នេះ ដោយប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងព្រះរាជសារនោះដែរ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ទ្រង់បានមានព្រះរាជ បន្ទួលកោតស្ញប់ស្ញែង និងកោតសរសើរដ៏ក្រៃលែង ចំពោះវីរភាពដ៏អង់អាច់ ក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន នៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និង ការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានរួបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិយោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង៕

Share.