ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លើកឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ ថ្ងៃត្រង់នេះជំរុញឱ្យភាគីថៃរុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្រធន់ធ្ងន់របស់ខ្លួនជាបន្ទាន់នៅតំបន់អានសេះជាដែនអធិបតេយ្យរបស់កម្ពុជា ដែលភាគីថៃមិនអាចយកលេសណាមួយបំភ្លៃការពិតមួយនេះបានឡើយ។

នៅក្នុងកម្មវិធីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ម៉ោង ១១:០០នាទី អ្នកនាំពាក្យក្រសួងការពារជាតិបានជម្រាបជូនអំពីដំណឹងសំខាន់ពាក់ព័ន្ធជាមួយបច្ចុប្បន្នភាពនៃតំបន់អានសេះថា កម្ពុជាបានប្រកាន់ភ្ជាប់នូវលក្ខខណ្ឌនៃបទឈប់បាញ់ដោយជ្រើសយកការសន្ទនា និងកិច្ចសហប្រតិបត្តការណ៍ដោយមិនរើសយកការប្រឈមមុខដាក់គ្នា និងជម្លោះឡើយ។ ប៉ុន្តែជាការគួរឱ្យសោកស្ដាយនៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រកាយដី អេសស្កាវ៉ាទ័រ បានចល័តចូលតំបន់អានសេះដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយលួសបន្លា បើទោះបីជាការហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ។

លោកជំទាវ ម៉ាលី សុជាតា បន្តថា នាពេលថ្មីៗនេះកម្ពុជាទើបតែរៀបចំដំណើរទស្សនៈកិច្ចជូនអនុព័ន្ធយោធាបរទេសទៅកាន់ទីតាំងនោះកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ដែលនេះជាការបង្ហាញយ៉ាងច្បាស់ថាទីតាំងនោះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា និងនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាដែលបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។ ទង្វើគ្រប់យ៉ាងរបស់យោធាថៃជាការរំលោភបំពានយ៉ាងគឃ្លើនលើកិច្ចព្រមព្រៀងឈប់បាញ់ និងបានបង្កឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព សន្តិសុខ តាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរក៏ដូចជាតំបន់ទាំងមូល ។

លោកជំទាវ ម៉ាលី សុជាតា បញ្ជាក់ថាកម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិជាពិសេសប្រទេសដៃគូដែលខិតខំប្រឹងប្រែងជួយសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញនិងប្រកបដោយប្រសិទ្ធភាព។ ក្រសួងការពារជាតិសូមជំរុញយ៉ាងម៉ឺងមាត់ឱ្យព្រះរាជាណាចក្រថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីតែប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ ដោយបញ្ឈប់រាល់អំពើអរិយភាពទាំងឡាយដោយរុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជាដែលភាគីថៃមិនអាចយកលេសណាមួយបំភ្លៃការពិតមួយនេះបានឡើយ៕

Share.